មីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACF លើកទី ៤២ នៅខែវិច្ឆិកា

បន្ទាប់ពីត្រូវបានទទួលស្គាល់ថាជាសមាជិកទី ៨ នៃសហព័ន្ធអ្នកម៉ៅការសាងសង់អាស៊ាន (ACF) កាលពីដើមឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ានឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាACF លើកទី ៤២ នៅទីក្រុង Yangon ពីថ្ងៃទី ១៧ ដល់ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) ដែលតំណាងឲ្យឧស្សាហកម្មសំណង់អគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងរៀបចំធ្វើជាប្រធានក្រុមប្រឹក្សា ACF លើកទី ៤២ នៅទីក្រុង Yangon នាពេលខាងមុខ។ ការចូលជាសមាជិកសហព័ន្ធអ្នកសាងសង់អាស៊ាន ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែមិថុនា ដែលវាជាលទ្ធផលនៃការចរចារយៈពេលពីរឆ្នាំ ជាមួយសមាគម។

យោងតាមលេខាធិការដ្ឋាន ACF កាលវិភាគបណ្តោះអាសន្នសម្រាប់កិច្ចប្រជុំ ACF លើកទី ៤២ នាពេលបន្ទាប់នៅទីក្រុង Yangon នឹងធ្វើការពិភាក្សាលើបញ្ហាជាច្រើន ទាក់ទងនិងគម្រោង និងវឌ្ឍនភាពនៅក្នុងសមាគម។

គណៈប្រតិភូក៏នឹងជួបជាមួយរដ្ឋមន្ដ្រីមីយ៉ាន់ម៉ាដែលទទួលបន្ទុកលើការងារត្រួតពិនិត្យឧស្សាហកម្មសំណង់ដើម្បីស្វែងរកឱកាសអាជីវកម្មនៅក្នុងឧស្សាហកម្មសំណង់អគារនៅទីនោះ។

ការពិភាក្សាក៏នឹងធ្វើបច្ចុប្បន្នភាពលើគម្រោងសំខាន់មួយចំនួនកាលពីកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ រួមមានកម្មវិធី ACSTST ការខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាកម្មករសំណង់នៅក្នុងប្រទេសអាស៊ានទៅតាមស្តង់ដាតែមួយ វគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធីដែលបណ្តុះបណ្តាលកម្មករទៅតាមស្ដង់ដារតែមួយដែលមានតម្លៃប្រហែល ១៥.០០០ ដុល្លារក្នុងមួយវគ្គ ព្រមទាំងសេចក្តីណែនាំរបស់ ACF ដែលនឹងកត់បញ្ជីក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីជាមួយប្រទេសអាស៊ានដែលជាសមាជិកនីមួយៗរបស់ ACF។

សហព័ន្ធអ្នកសាងសង់អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៨៥ និងបានរៀបចំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រចាំឆ្នាំពីរដងក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣១ ឆ្នាំជាប់គ្នាមកនេះ ដែលនៅក្នុងក្រុមប្រឹក្សានេះ សមាជិកពិភាក្សាអំពីបញ្ហាអាជីវកម្មដែលកើតឡើងនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន។

សមាគមអ្នកម៉ៅការសាងសង់ចំនួនប្រាំបីដែលតំណាងឱ្យក្រុមហ៊ុនឯកជនរកស៊ីក្នុងវិស័យសំណង់នៅអាស៊ាន រួមមាន សមាគមអ្នកសាងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមគ្រប់គ្រងការសាងសង់ម៉ាឡេស៊ី (MBAM) សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) សមាគមអ្នកសាងសង់សឹង្ហបុរីលីមីធីត (SCAL) សមាគមអ្នកសាងសង់ថៃ (TCA) សមាគមអ្នកសាងសង់វៀតណាម (VACC) និងសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA)។

MCEA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ និងបានក្លាយជាសមាគមសង្គមស៊ីវិលដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៃប្រទេសមីយ៉ានម៉ា។ សមាគមនេះបង្កើតឡើងដំបូងដោយមានសមាជិក ១៥០ នាក់ ហើយបានកើនសមាជិកដល់ ១៦៥០ នាក់ នាពេលបច្ចុប្បន្ន។

ប្រទេសឡាវក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដើម្បីចូលរួមជាសមាជិក ACF ផងដែរ ប៉ុន្តែអាចចូលរួមត្រឹមតែកិច្ចប្រជុំសាមញ្ញលើកទី ៤១ ក្នុងនាមជាអ្នកសង្កេតការណ៍។ ខណៈពេលដែលសមាគមអ្នកសាងសង់ថៃ (TCA) ត្រូវបានចាត់ឲ្យធ្វើកិច្ចការនាំប្រទេសឡាវចូលជាសមាជិកសហព័ន្ធ មានការរំពឹងថាប្រទេសមិនជាប់សមុទ្រមួយនេះនឹងក្លាយជាសមាជិកទីប្រាំ បន្ទាប់ពីប្រទេសនេះមានការបង្កើតសមាគមអ្នកម៉ៅការសាងសង់របស់ខ្លួន។

ចំពោះសមាជិកភាពរបស់ប្រទេសប្រ៊ុយណេ ហាក់ដូចជាត្រូវការពេលវេលាច្រើនទៀត ដោយហេតុថា ប្រទេសនេះមិនមានសមាគមអ្នកម៉ៅការសាងសង់ផ្ទាល់ខ្លួន ហើយនិងមិនទាន់បង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចូលរួមក្នុងសហព័ន្ធនេះនៅឡើយ។

 

- Video Advertisement -