រដ្ឋគ្រោងសាងសង់ ស្តារ និងកែលម្អព្រលានយន្តហោះនៅខេត្តចំនួន ៤
រដ្ឋាភិបាលបានបង្ហាញផែនការចង់សាងសង់អាកាសយានដ្ឋានថ្មី ២ កន្លែង និងស្តារកែលម្អអាកាសយានដ្ឋានមានស្រាប់ ២ កន្លែងទៀត។ នេះបើយោងតាមរបាយការណ៍ការគ្រប់គ្រងឆ្នាំ២០២២ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ។
គម្រោងទាំង ៤ នេះ ស្ថិតក្នុងផែនការរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយរួមមាន គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី (សម្រាប់ទីតាំងថ្មី កម្រិត៣C) គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី (កម្រិត៣C) គម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានបាត់ដំបង (កម្រិត៣C) និងគម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង (កម្រិត៤C)។
បើតាមរបាយការណ៍ដដែល គម្រោងទាំង ៤ ខាងលើនេះ មិនទាន់មានថវិកាសម្រាប់អនុវត្តនៅឡើយទេ ដោយបញ្ជាក់ថានឹងត្រូវចំណាយមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេស។
គួរបញ្ជាក់ថា អាកាសយានដ្ឋាន កម្រិត៣C គឺជាអាកាសយានដ្ឋានដែលបម្រើតែប្រតិបត្តិការ (Scheduled flight) នៃយន្តហោះខ្នាតតូចប៉ុណ្ណោះ ហើយ កម្រិង ៤C គឺមានផ្លូវរត់ មានប្រវែង ១៨០០ ម៉ែត្រ ឬលើសពីនេះ ហើយទទួលយន្តហោះដែលមានស្លាបរហូតដល់ ៣៦ ម៉ែត្រប៉ុណ្ណោះ ។

