រដ្ឋដកហូតគម្រោងវិនិយោគកំពង់ផែទេសចរណ៍ចុងឃ្នៀសខេត្តសៀមរាប ពីឯកជនមកជាសម្បត្តិរដ្ឋវិញ
រដ្ឋាភិបាលបានសម្រេច លុបចោល និងដកហូតទីតាំងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ចុងឃ្នៀស នៅខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង អ៊ិនវេសមិន មកជាសម្បត្តិរដ្ឋវិញ ក្រោមការគ្រប់គ្រងជាបណ្ដោះអាសន្ន របស់រដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ។
នេះបើតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយជាផ្លូវការកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
លិខិតដដែល បានបន្ថែមថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ពន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។
លើសពីនេះ រដ្ឋក៏នឹងបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងចូលរួមដោយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណើសុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រមនឹងការទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន។
លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា មូលហេតុដែលរដ្ឋសម្រេចលុបចោលគម្រោងខាងលើ ដោយសារតែក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍កំណត់ការបង់ពន្ធ និង ស.ជ.ណ ដែលរដ្ឋបានកំណត់។
អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តសៀមមរាប លោក លី សំរិទ្ធិ កាលពីថ្ងៃទី១១ ខែសីហា បានឲ្យដឹងថា ខាងរដ្ឋបាលខេត្តបានទទួលហើយ ដោយនៅរង់ចាំតែការអនុវត្តប៉ុណ្ណោះ ប៉ុន្តែមិនទាន់កំណត់បានពីការអនុវត្តនៅពេលណា ឬថ្ងៃណានោះបានឡើយ៕

