រដ្ឋដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ ២០២២-២០២៧ លើកកម្ពស់រោងចក្រកាត់ដេរឱ្យមានស្ដង់ដា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ ២០២២-២០២៧ ទិសដៅដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មរោងចក្រកាត់ដេរនានានៅកម្ពុជាឱ្យមានស្ដង់ដាជាងមុខ ស្របពេលដែលវិស័យនេះបានឈរនៅលំដាប់ទី១ នៃការនាំចេញរបស់កម្ពុជា។

ពិធីប្រកាសនៃយុទ្ធសាស្ត្រថ្មីនេះធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ក្រោមវត្តមាន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំណុចសំខាន់ៗ នៃយុទ្ធសាស្ដ្រថ្មីនេះរួមមាន ការបន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើនគន្លងអាជីពសម្រាប់និយោជិក ការបន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់និយោជិក និងការលើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមទៀត។

វិធានការជាយុទ្ធសសាស្រ្ត ក៏រួមបញ្ចូល ការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មតភ្ជាប់ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញផងដែរ។

ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨ ការនាំចេញនៃវិស័យកាត់ដេរ បានរួមចំណែកជាង ៩៥% នៃការនាំចេញសរុបរបស់កម្ពុជា។ ហើយក្រោយឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន រួមចំណែកជាមធ្យមជាង ៧០% ព្រោះកម្ពុជាបានធ្វើ ពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត ដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបង្គុំអេឡិចត្រូនិក ផងដែរ៕

- Video Advertisement -