រដ្ឋទំលាក់កញ្ចប់ថវិកាថែម សង់ចំណតឡាន និងតបណ្ដាញលូចូលផ្ទះពលរដ្ឋនៅសៀមរាបឥតគិតថ្លៃ
សម្តេច ហ៊ុន សែន បានប្រកាសទំលាក់កញ្ចប់ថវិកាជិត ៤ លានដុល្លារបន្ថែមទៀត លើគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅសៀមរាប ដើម្បីសាងសង់ចំណតឡានស្ដង់ដារតាមបណ្ដោយផ្លូវជាតិ ៦ និងដើម្បីតភ្ជាប់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នងចូលទៅប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ដោយឥតគិតថ្លៃ ។
នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្តីពីការវិវឌ្ឍន៍នៃផ្លូវ ៣៨ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២១។
ចំពោះ ការងាររៀបចំចំណត នឹងធ្វើឡើងនៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីស្ពានព្រះរាជដំណាក់ទៅ។
ដោយឡែក សម្រាប់ការភ្ជាប់ផ្ទះពលរដ្ឋចូលប្រព័ន្ធលូទឹកកង្វក់ និងទឹកភ្លៀង នឹងត្រូវធ្វើឡើងដោយឥតគិតថ្លៃ។ បើពលរដ្ឋណាបានបង់ថរិកាហើយ ឣាចទៅដកយកថវិកាត្រឡប់មកវិញពីស្ថាប័នណាដែលបងប្អូនបានបង់ជូន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា នេះគម្រោងផ្លូវ៣៨ ខ្សែនេះ សម្រេចបានប្រមាណ ៩០% ដោយនឹងរួចរាល់ជាស្ថាពរនៅចុងឆ្នាំនេះ។
គម្រោងផ្លូវនេះ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់៕

