រដ្ឋបន្តសង់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុត្រៀមប្រើជាវេទិកាប្រជុំអន្តរជាតិនានា

រដ្ឋាភិបាល សម្រេចជ្រើសយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២២ (ASEAN Tourism Forum 2022) ខណៈរដ្ឋនៅតែបន្តសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះយ៉ាងសស្រាក់សស្រាំ។

នេះបើយោងតាមដំណើរពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែសីហា កន្លងទៅនេះ។

តាមផែនការ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងត្រូវធ្វើឡើងក្នុងបរិវេណសណ្ឋាគារសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ ២០២២ នេះ ប៉ុន្តែមិនអាចធ្វើធំដូចមុនៗបានទេ ហើយនឹងត្រូវអនុវត្តតាមវិធានការសុខាភិបាលឱ្យបានហ្មត់ចត់។

ឯកឧត្ដម ថោង ខុន ក៏បានបញ្ជាក់ថា មូលហេតុជ្រើសយកខេត្តព្រះសីហនុ រៀបចំវេទិកានេះ ព្រោះរដ្ឋបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយផ្នែកធំរួចហើយនៅក្នុងខេត្តនេះ ពិសេសព្រលានយន្តហោះអន្តរជាតិ ដែលអាចហោះត្រង់ពីប្រទេសជាច្រើនបាន។

គួររំឭកថា រដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍ ចេញផែនការមេ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម ពោលគឺមិនត្រឹមតែជាការរៀបចំសម្រាប់វេទិកាទេសចរណ៍អាស៊ានប៉ុណ្ណោះទេ តែដើម្បីផែនការធំ ក្នុងការធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងទៅថ្ងៃអនាគត។

កាលពីខែមិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងមួយរួចមកហើយ ដើម្បីឱ្យមកពន្លឿនការងារប្រែក្លាយខេត្តព្រះសីហុនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ។ (អានបន្ថែម)

លើសពីនេះ កាលពីថ្មីៗ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ទើបសម្រេចបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ឱ្យមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តនេះឡើងវិញផងដែរ ដែលជាផ្នែកមួយរបស់គណៈកម្មធិការបច្ចេកទេសអន្តរក្រសួងខាងលើ។

ដូចគ្នានេះ ក្រសួងបរិស្ថាន ក៏កំពុងវាយតម្លៃ និងសិក្សារុករកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅប្រើប្រាស់ ធ្វើឱ្យផែនការមេអភិវឌ្ឍខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ ខ្សែ ផ្លូវ ១១ ខ្សែ ពង្រឹងការគ្រប់គ្រងឆ្នេរសមុទ្រ ការពង្រីកកំពង់ផែ កែលម្អព្រលានយន្តហោះ ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខ្នាតយក្សទាំង៣ និងការងារផ្សេងៗជាច្រើនទៀត។

- Video Advertisement -