រដ្ឋបាលខេត្តកំពត ប្រកាសរឹតបន្តឹងចរន្តចេញចូលលើដងផ្លូវជាតិលេខ៣

រដ្ឋបាលខេត្តកំពត បានប្រកាសរឹតបន្តឹងចរន្តចេញចូលលើដងផ្លូវជាតិលេខ៣ត្រង់ចំណុចគោលដៅព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងស្រុកទឹកឈូខេត្តកំពត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី០៤ ខែមីនា។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអះអាងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនឹងធ្វើការបិទចរាចរណ៍ ចេញចូលជាបណ្តោះអាសន្នរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់។

ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការឆ្លងកាត់ចេញចូលនៅទីតាំងចំណុចគោលដៅលើដងផ្លូវជាតិលេខ៣ រវាងព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងស្រុកទឹកឈូខេត្តកំពត ក៏តម្រូវឱ្យមានការត្រួតពិនិត្យវាស់កំដៅ និងធ្វើការសម្ភាសន៍អ្នកឆ្លងកាត់ឱ្យដឹងពីប្រវត្តិគោលដៅចេញនិងចូល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្រាវជ្រាវ និងតាមដានក្នុងករណីសង្ស័យ មានបញ្ហាវិជ្ជមានកូវីដ១៩ កើតឡើង។

អភិបាលខេត្តកំពតរូបនេះ ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យផ្អាកការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បើមិនមានការងារចាំបាច់។

គួរបញ្ជាក់ថា ការប្រកាសរឹតបន្តឹងចរន្តចេញចូលរបស់ខេត្តកំពត និងខេត្តព្រះសីហនុ នៅពេលនេះ គឺធ្វើឡើងបន្ទាប់សម្ដេច ហ៊ុន សែន កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បញ្ជាឱ្យបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុទៅកាន់រាជធានី-ខេត្ត ផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕

- Video Advertisement -