រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ ទៅកាន់ទីផ្សារប្រទេសចិន
កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាមអនាម័យ(SPS) សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត ខណៈភាគីទាំងពីរ ក៏បានឯកភាពគ្នា ពន្លឿននីតិវិធីនាំចេញកសិផលជិត ១០មុខ ទៅកាន់ទីផ្សារចិនឆាប់ៗនេះផងដែរ។
នេះបើយោងតាមជំនួបពិភាក្សារវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយ លោកស្រី SUN Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ក្នុងឱកាសចូលរួមសន្និសីទលើកទី២ស្តីពី “យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ” កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ។
ក្រសួងកសិកម្ម បានឱ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរមួយចំនួនបន្ថែមទៀត ដែលរួមមាន៖ អង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្អាត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។
ក្រសួងកសិកម្ម គូសបញ្ជាក់ថា លទ្ធផលទាំងនេះ គឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព។ ក្រសួងកសិកម្ម យកឱកាសនេះអំពាវនាវឱ្យកសិករនិងវិស័យឯកជនពាក់ព័ន្ធបន្តការអនុវត្តកសិកម្មល្អ(GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាមនីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា។
យោងតាមក្រសួងកសិកម្ម នៅឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥,២ពាន់លានដុល្លារ ពីការនាំចេញកសិផលចំនួនជិត ១២លានតោន ទៅកាន់គោលដៅ ៩៥ប្រទេស កើនឡើងប្រមាណ ៣៩% ធៀបនឹងឆ្នាំ ២០២៣។ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន និងទីផ្សារសំខាន់ៗមួយចំនួនទៀត៕
- Video Advertisement -