រដ្ឋមន្ត្រីក្រសួងសាធារណការ ព្រមានចាត់វិធានការលើក្រុមហ៊ុនសាងសង់ផ្លូវជាតិ២ និងលេខ២២
ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចេញលិខិតព្រមានក្រុមហ៊ុន Hanshin របស់កូរ៉េ ដែលទទួលសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយសារក្រសួងរកឃើញមានភាពអសកម្មមួយចំនួន ដូចជាភាពយឺតយ៉ាវនៃការសាង់សង់ គ្មានគ្រឿងចក្រគ្រប់គ្រាន់ និងកង្វះលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនក្នុងការអនុវត្តការងារ។
សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។
ការព្រមាននេះធ្វើឡើងបន្ទាប់ពី ឯកឧត្តម រួមនឹងរដ្ឋលេខាធិការទទួលបន្ទុកបច្ចេកទេសផ្លូវថ្នល់ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងអ្នកថតរូបម្នាក់ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយមិនជូនដំណឹងជាមុនកាលពីពីរអាទិត្យមុន ដោយពិនិត្យមើលនូវភាពអសកម្មមួយចំនួន ដែលក្រសួងត្រូវតែសរសេរលិខិតព្រមានទៅក្រុមហ៊ុនជាផ្លូវការ។
ឯកឧត្តមបានប្រសាសន៍ថា «…ជាក់ស្តែងឃើញមែន ផ្លូវពីភ្នំពេញ ទៅតាកែវ គ្រឿងចក្រប្រហែល២គ្រាប់ គ្មានអ្នកណាធ្វើការទាំងអស់ នៅលើផ្លូវជាតិលេខ២ និងលេខ២២មានធ្វើមួយកង។ ដល់ខ្ញុំដេញដោលទៅថា គ្រឿងចក្រជាប់នៅវៀតណាម ពន្យល់ខ្ញុំអីចឹង! ខ្ញុំទទួលបាននៅពេលនេះ ប៉ុន្ដែពេលណាអ្នកឯងយកគ្រឿងចក្រមក? បើអត់មានអ្នកឯង មិនជួលគ្រឿងចក្រនៅស្រុកខ្មែរឲ្យទាន់ពេលវេលា បើធ្វើយឺតជាងការកំណត់ យើងនឹងពិន័យ…»។
ឯកឧត្តមបានបន្ដថា៖ ស្អែកនេះ [០៥ ឧសភា] ក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd. នឹងទទួលបានលិខិតព្រមានជាផ្លូវការពីក្រសួង ដោយទុកពេលវេលាសមរម្យណាមួយឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នេះ ដោះស្រាយបញ្ហានេះ។ បើដោះស្រាយបញ្ហានេះមិនបានទេ ក្រុមហ៊ុននឹងមានបញ្ហាជាមួយក្រសួងជាក់ជាមិនខាន។
ដូច្នេះមកដល់ពេល លិខិតព្រមាននេះ នឹងបានទៅដល់ក្រុមហ៊ុន និងចម្លងជូនស្ថានទូតកូរ៉េ និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) របស់កូរ៉េ ឱ្យដឹងពីភាពអសកម្មក្នុងការសាង់សង់ផ្លូវជាតិលេខ២ និងលេខ២២ នេះហើយ។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមទេសរដ្ឋមន្ត្រីធ្លាប់បានចាត់វិធានការក្តៅស្រដៀងនេះ ប៉ុន្មានដងរួចមកហើយ ទៅលើគម្រោងមួយចំនួនដូចជា ការចាត់វិធានការក្រុមហ៊ុនសង់ផ្លូវពីស្គន់ទៅសៀមរាបឱ្យចាក់កៅស៊ូ៣សង់ទីម៉ែត្រឡើងវិញ និងការចាត់វិធានការដកអ្នកបច្ចេកទេសបរទេស ០៨ នាក់ចេញពីគម្រោងផ្លូវកំពតទៅវាលរេញ ដោយសារមិនគោរពស្តង់ដារបច្ចេកទេសជាដើម។
ដោយឡែកសម្រាប់គម្រោងសាងសង់ផ្លូវដទៃទៀត ឯកឧត្តមបានបញ្ជាក់ថា ការសាងសង់ផ្លូវទាំងអស់នៅកម្ពុជា ដូចជាផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ១៣ និងផ្លូវមួយចំនួនទៀត កំពុងមានដំណើរការប្រព្រឹត្តទៅបានរលូន មិនដូចការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ នេះទេ បើទោះបីជាពេលនេះ កម្ពុជាកំពុងជួបប្រទេះវិបត្តិកូវីដយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ គម្រោងនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ (អានបន្ថែម)

