រដ្ឋសម្រេចបញ្ចុះអត្រាពន្ធគយ និងអាករពិសេស លើមុខទំនិញមួយចំនួន ចាប់ពីដើមឆ្នាំ២០២៦
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន ចាប់ដើមឆ្នាំ២០២៦ ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពដដែលបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងលេខ ៦០៦៥/២៥អគរ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន មានដូចខាងក្រោម៖
១- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់។ ២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញបន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុក និងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម។ ៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា។ ៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន។ ៥- បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីនបូមធូលី និងឧបករណ៍ចាក់សំឡេង។ និង ៦- បញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើមុខទំនិញ អាគុយយានយន្តអគ្គិសនី។
សូមជម្រាបថា អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចាប់ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ហើយវានឹងរួមចំណែកយ៉ាងសំខាន់សម្រាបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។ គួររំឭកដែរថា ថ្មីនេះៗរដ្ឋក៏បានចេញប្រកាសអនុគ្រោះអាករលើតម្លៃបន្ថែមនូមុខទំនិញមួយចំនួនផងដែរ៕ (អានបន្ថែម)

