រដ្ឋអនុគ្រោះអាករលើតម្លៃបន្ថែមនូវមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ

ដើម្បីគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទប់ទល់ការចំណាយដែលចេះតែកើនឡើង រដ្ឋាភិបាលបានអនុគ្រោះអាករលើតម្លៃបន្ថែមលើអាហារផលិតក្នុងស្រុកជាមូលដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដាច់ឆ្នាំ ២០២៨ ខាងមុខនេះ។

យោងតាមប្រកាសសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥បានឱ្យដឹងថា ការសម្រេចអនុគ្រោះអាករលើតម្លៃបន្ថែមនូវមុខទំនិញ ក្នុងគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រកាសនេះ គឺមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ ការសម្រេចនេះដែរ គឺសម្រាប់អាហារជាមូលដ្ឋាន សំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនរួមមាន៖ ១. សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ ២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ ៣.ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ ៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់ ៥. អំបិលគ្រប់ប្រភេទ ៦.ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។

អាស្រ័យហេតុនេះ ក្រសួងសេដ្ឋកិច្ច ក៏បានណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងការអនុគ្រោះពន្ធអាករលើតម្លៃបន្ថែមនេះ រដ្ឋក៏បានប្រកាសអនុវត្តប្រមូលពន្ធ ២០% លើប្រាក់ចំណេញមូលធនចាប់ពីថ្ងៃ ១ ខែមករា ឆ្នាំ២០២៦ នេះផងដែរ។ (អានបន្ថែម)

- Video Advertisement -