រដ្ឋអនុម័តគម្រោងសំណង់ជាង ៤ពាន់គម្រោង តម្លៃ ៦,៤ ពាន់លានដុល្លារ ក្នុងអំឡុង១០ខែនៃឆ្នាំ២០២០
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះកើនឡើងជាង ១ ពាន់លានបើប្រៀបធៀបនឹង ២ ខែមុន។
យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ខែតុលា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើសំណើសុំការសាងសង់ សរុបទូទាំងប្រទេសមានចំនួន ៤ ០៨០ គម្រោង នៅលើផ្ទៃក្រឡាសាងសងជាង ១៤ លានម៉ែត្រការ៉េ។
គម្រោងដែលកំពុងមានសក្តានុពលនៃការវិនិយោគ រួមមាន៖ គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះ មានជាង ៣ ៤០០ គម្រោង សំណង់ពាណិជ្ជកម្ម ៣១១ គម្រោង សំណង់ឧស្សាហកម្ម ១៧២ គម្រោង សំណង់ទេសចរ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមាន ២គម្រោង។
លើសពីនេះ ក្រសួងក៏បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួយ ៦៨ គ្រោង ដែលក្នុងនោះ ៤០ គម្រោងអនុវត្តដោយប្រើថវិការដ្ឋ។
គួរបញ្ជាក់ផងដែរថា របាយការណ៍ចាស់ពីប្រភពដដែលធ្លាប់បានឱ្យដឹងថា ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័តក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ (អានបន្ថែម)

