រដ្ឋអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ ២០២១-២០៣៥ ជាផ្លូវការហើយ។

ផែនការកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តគោលក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវកាទាំងក្នុងប្រទេស និងនាំចេញ។

សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើលិខិតអារម្ភកថាដែលចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតនៅដំណាក់កាលកំណើននៃវដ្តជីវិតក្នុងការអភិវឌ្ឍទេសចរណ៍ ដែលពោរពេញទៅដោយសក្កានុពលសម្រាប់អភិវឌ្ឍនាពេលអនាគត។

ការអភិវឌ្ឍទេសចរណ៍ នឹងបង្កើតកាលានុវត្តភាពសត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាដែលជួយដល់ការអភិវឌ្ឍសដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិ។

តាមផែនការ នឹងមានការបង្កើតតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី តំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែនដូចជាកាស៊ីណូ និងល្បែងកម្សាន្តជាដើម។

លើសពីនេះ ផែនការក៏បានកំណត់យកតំបន់គោលដៅ ចំនួន ៦ ក្នុងការអភិវឌ្ឍការងារទាំងនេះផងដែរ។ (អានបន្ថែម)

បើអនុវត្តតាមផែនការមេនេះ ខេត្តមណ្ឌលគិរីអាចនឹងទទួលបានចំណូល ៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។

- Video Advertisement -