រដ្ឋាភិបាលកម្ពុជាប្រកាសទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ៦,៣% មកត្រឹម ៥,២% សម្រាប់ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន មកត្រឹមរង្វង់ ៥% វិញ ក្នុងឆ្នាំ២០២៥ និង២០២៦ ដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ។

សេដ្ឋកិច្ចកម្ពុជា នៅមុនពេលសហរដ្ឋអាមេរិកប្រកាសដាក់ចេញគោលនយោបាយពន្ធគយបដិការ, ក្រោមក្របខ័ណ្ឌនាពេលនោះ, ត្រូវបានវាយតម្លៃថានឹងបន្តរក្សាបាននូវចលករដ៏រឹងមាំ ជាមួយនឹងអត្រាកំណើនក្នុងរង្វង់ ៦,៣% សម្រាប់ឆ្នាំ២០២៥-២០២៦ និងប្រមាណ ៦,៥% សម្រាប់រយៈពេលមធ្យមឆ្នាំ២០២៧-២០២៨។​

យោងតាមសារាចរស្តីពីផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីពា្រងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា កំណើនសេដ្ចកិច្ចកម្ពុជា ត្រូវបានវាយតម្លៃជាថ្មីថានឹងថមថយបន្តិចវិញ មកនៅត្រឹម ៥,២% សម្រាប់ឆ្នាំ២០២៥ និងចំនួន ៥% សម្រាប់ឆ្នាំ២០២៦។​

ការថមថយនេះ គឺដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងផលជះមកលើវិស័យគាំទ្រកំណើនផ្សេងទៀត ដូចជា វិស័យដឹកជញ្ជូន និងស្តុកទំនិញ និងលក់ដុំ-រាយ។​

លើសពីនេះ បើសិនស្ថានភាពកត្តាខាងក្រៅវិវត្តទៅកាន់តែអាក្រក់ជាងបច្ចុប្បន្ន ហើយការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនទទួលបានលទ្ធផលល្អ ដូចជាការរំពឹងទុក, កំណើននេះ នឹងកាន់តែថមថយបន្ថែមទៀត។ នេះបើតាមឯកសារដដែល។​

ចំពោះមុខនឹងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានលើកឡើងថា ការពន្លឿនការអនុវត្តវិធានការ និងគោលនយោបាយជំរុញការប្រកួតប្រជែង បង្កើនពិធិធកម្ម និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ច ជាពិសេសការពង្រឹងការអនុវត្តនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១”​ និងការដាក់ឱ្យអនុវត្តនូវ “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥-២០២៨” និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត នឹងកាន់តែមានសារៈសំខាន់ជាចលករក្នុងការជំរុញល្បឿន និងគាំពារកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។​

យ៉ាងណាក៏ដោយពាក់ព័ន្ធនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំនេះ អ្នកជំនាញរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)បានផ្តល់ការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ២០២៥ និង ៤,៧% សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនឹងការព្យាករណ៍នេះ AMRO ក៏បានលើកឡើងពីបញ្ហាប្រឈមនានា អមដោយអនុសាសន៍មួយចំនួនផងដែរ។ (អានបន្ថែម)

បើផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចេញផ្សាយក្នុងខែមេសា ឆ្នាំ២០២៥ នាពលថ្មីៗនេះ, សេដ្ឋកិច្ចសកលត្រូវបានទាញទម្លាក់មកត្រឹមកំណើន ២,៨ភាគរយ និង៣,០ភាគរយ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ពោលគឺធ្លាក់ក្នុងកម្រិតប្រមាណ ០,៥ និង០,៣ ពិន្ទុភាគរយរៀងគ្នា ដោយសារផលប៉ះពាល់ និងកម្មវិបាកនៃគោលនយោបាយគាំពារនិយម (Protectionist Policies) តាមរយៈការដំឡើងពន្ធគយ (Broad-based tariff hike) និងពន្ធគយបដិការ (Reciprocal tariff)។​

នៅពេលដែលប្រទេសកម្ពុជាប្រឈមមុខនឹងឧបសគ្គសេដ្ឋកិច្ចទាំងនេះ វិធីសាស្រ្តសកម្មរបស់រដ្ឋាភិបាលក្នុងការជំរុញភាពធន់ និងការសម្របខ្លួននឹងមានសារៈសំខាន់ក្នុងការស្វែងរកភាពមិនច្បាស់លាស់នៃទិដ្ឋភាពទីផ្សារពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តម្លៃផ្ទះថ្មីក្នុងប្រទេសធ្លាក់ចុះខ្លាំងមិនធ្លាប់មានសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយ

ខណៈតម្លៃផ្ទះថ្មីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ […]

ADB ប្រកាសទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសទម្លាក់ការព្យាកររបស […]

ប្រទេសចំនួនបីក្នុងអាស៊ីអាគ្នេយ៍ប្រឈមនឹងការផ្គត់ផ្គង់ខុនដូលើសតម្រូវការ

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងវិស័យអ […]

ធនាគារពិភពលោក ប្រកាសទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤% ក្នុងឆ្នាំ២០២៥

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទាក់ទងនឹងទស្សនវិស័យសេដ្ […]

AMRO ព្យាករថា៖ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ធ្លាក់មកត្រឹម ៤,៩% ដោយសារតែការតំឡើងពន្ធគយរបស់អាមេរិក

ថ្មីៗនេះ អ្នកជំនាញរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិ […]