រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

សេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺមានសមភាពចំនួន១១រូប ដោយមានឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធានចំនួន២រូប គឺឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ព្រមទាំងសមាជិកមួយចំនួនទៀត។

គណៈកម្មការនេះ មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពី ទីក្រុងឆ្លាតវៃសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ច ដូចជា ៖ សិក្សា ស្រាវជ្រាវបទពិសោធរបស់ ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត សម្រាប់បរិបទនៅកម្ពុជា។

គណៈកម្មការនេះ ក៏មានតួនាទី រៀបចំសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រនៃការរៀបចំ ទីក្រុងឆ្លាតសម្រាប់ រយៈពេលមធ្យម និងរយៈពេលវែង, សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការបង្កើត ទីក្រុងឆ្លាតសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ, ចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗ ពាក់ព័ន្ធនឹងការងារទីក្រុងឆ្លាត, រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការសម្របសម្រួល និងគាំទ្រដល់ ការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាត។

ជាងនេះទៅទៀត គណៈកម្មការនេះ ក៏ត្រូវរៀបចំវេទិកាពិគ្រោះយោបល់រវាង ដៃគូក្នុងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិ អង្គការ ក្រៅរដ្ឋាភិបាល ជាមួយស្ថាប័ននានាដើម្បីកៀរគរការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើ ការងាររៀបចំទីក្រុងឆ្លាត, សម្របសម្រួល និងគាំទ្រការផ្សព្វផ្សាយ និងបញ្រ្ជាបគោលនយោបាយនានាពាក់ព័ន្ធនឹង ការងារទីក្រុងឆ្លាតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, រៀបចំរបាយការណ៍ស្តីពីលទ្ធផលសម្រេចបាន និងវឌ្ឍនភាពការងារជូនប្រមុខរាជរដ្ឋាភិបាលជាដើម។

តាមរយៈសេចក្តីសម្រេចនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលទទួលបន្ទុកលើការងារនេះ អនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទីក្រុងឌុប្លាំងប្រើ បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីដើម្បីកសាងអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាព

ទីក្រុងឌុប្លាំងកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ តា […]

ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA

បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែប […]

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស […]

ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]

ក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែ […]