រដ្ឋាភិបាលកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារ ប៉ុន្តែមិនប៉ះពាល់ថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទេ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ ព្រោះជាតម្រូវការចាំបាច់។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង។ លើកទី១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារ បន្ថែមទៀត។ ដូច្នេះ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារ សម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។»
សម្តេចបានបន្ថែមថា៖ «ថវិកាដែលគ្រោងនឹងប្រគល់ជូនតាមស្ថាប័នរដ្ឋ ត្រូវយកវិញខ្លះដើម្បីបម្រុងប្រើ រាប់ទាំងថវិកាមូនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹងដែរ។ ប៉ុន្តែការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹក គឺមិនមានការប៉ះពាល់ទេ ពីព្រោះទាំងអស់នោះគឺជាតម្រូវការ។»

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨.២១៥ លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤.៨៨២ លានដុល្លារ និងចំណាយមូលធនថវិការដ្ឋ ប្រមាណ៣.៣៣១ លានដុល្លារ។ ប៉ុន្តែពេលនេះសម្រេចដកហូតថវិកា ៩១៨លានដុល្លារមកវិញ ដើម្បីទប់ទល់វិបត្តិបង្កដោយជំងឺកូវីដ១៩។ នេះបើយោងតាមថវិកាសង្ខេបឆ្នាំសារពើពន្ធ ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ទោះបីកម្ពុជាជួបនូវញ្ហាកូវីដ១៩ ដែលប៉ះពាល់សេដ្ឋកិច្ចយ៉ាងណាក្តី ការអភិវឌ្ឍផ្លូវថ្នល់របស់កម្ពុជាមិនមានជាឧបសគ្គនោះទេ។ នេះបើតាមការប្រសាសន៍ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែមីនា កន្លងទៅ៕ (អានបន្ថែម)

 

- Video Advertisement -