រដ្ឋាភិបាលកំពុងសាងសង់មណ្ឌលបដិសណ្ឋារកិច្ចដ៏ធំមួយ នៅប្រាសាទព្រះវិហារ

អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចខ្នាតធំថ្មីមួយកន្លែង នៅឯតំបន់ប្រាសាទព្រះវិហារ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដធូរស្បើយ។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ៣ ខែសីហា មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចនេះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។

គម្រោងសាងសង់នេះត្រូវសាងសង់ឡើងដោយក្រុមហ៊ុន ខេភី ខនស្ត្រាក់សិន និងដេគ័រ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។

មណ្ឌលបដិសណ្ឋារកិច្ចនេះ រួមមាន អគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹក។

ក្រោយសាងសង់រួច មណ្ឌលបដិសណ្ឋារកិច្ចត្រូវបានរំពឹងទុកថា នឹងក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហើយក៏អាចផ្សារភ្ជាប់ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់ផងដែរ។

- Video Advertisement -