រដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវសរុបជិត៤០០គីឡូម៉ែត្របន្ថែមទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២១

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបគ្រោងនឹងស្ថាបនាផ្លូវថ្នល់សរុបប្រមាណ ៣៧៣គីឡូម៉ែត្រទៀតក្នុងឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ។ នេះបើយោងតាមសារព័ត៌មានវិទ្យុជាតិកម្ពុជាកាលពេលថ្មីៗនេះ។

លោក សៅ ប៊ុនធី ប្រធានការិយាល័យផ្លូវលំជនបទនៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានថ្លែងប្រាប់ប្រភពដដែល កាលពីថ្ងៃទី៤ ខែមករានេះ ថា៖ «មន្ទីរមានគោលការណ៍ចំនួន ៤ ក្នុងការថែទាំផ្លូវ រួមមាន គម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាត គម្រោងកែលម្អពីផ្លូវគ្រួសក្រហមមកជាផ្លូវកៅស៊ូ គម្រោងថែទាំខួប និងគម្រោងថែទាំជាប្រចាំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់»។

លោកបានបន្តទៀតថា៖ «ក្នុងឆ្នាំ២០២០ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានជួសជុលផ្លូវថ្នល់ ប្រមាណ ១៩៣គីឡូម៉ែត្រ។ ដោយឡែកក្នុងឆ្នាំ ២០២១ វិញ មន្ទីរមានផែនការជួសជុលផ្លូវថ្នល់ជនបទសរុបប្រមាណ ៣៧៣ គីឡូម៉ែត្រទៀត»។

សម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ គឺទទួលបានជំនួយពីអង្គការដៃគូមួយចំនួន ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank)។ ដោយឡែកគម្រោងថែទាំផ្លូវថ្នល់ និងគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាតដោយសារទឹកជំនន់កន្លងមកគឺទទួលបានថវិកាពីរាជរដ្ឋាភិបាល និងមួយចំណែកទៀតបានពីគម្រោងជំនួយរបស់រដ្ឋាភិបាលអាឡឺម៉ង់(KFW)។

គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងខាងលើ គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក៏កំពុងដំណើរនៅខេត្តសៀមរាបផងដែរ ក្រោយបើកការដ្ឋានកាលពីខែវិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -