រដ្ឋាភិបាលនឹងសាងសង់មន្ទីរពេទ្យកម្រិតអន្តរជាតិតម្លៃ៨០លានដុល្លារ នៅតំបន់កប់ស្រូវ

រដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលកម្រិតអន្តរជាតិដំបូងគេ នៅតំបន់កប់ស្រូវ ដែលមានតម្លៃ ៨០លានដុល្លារ សម្រាប់បម្រើការដល់និសិ្សត និងផ្តល់នូវសេវាព្យាបាលដល់ប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងលោក Kim Hoon តំណាង សម្ព័ន្ធក្រុមហ៊ុន Inje Joint Venture បានពិភាក្សាការងារអំពីការអនុវត្តន៍គម្រោងមនី្ទរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ។

ការសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យធំដំបូងគេក្នុងប្រទេសកម្ពុជានេះ គ្រោងនឹងចំណាយសរុប ៨០ លានដុល្លារ ដោយក្នុងនោះទឹកប្រាក់ ៦៦លានដុល្លារ គឺជាប្រាក់កម្ចីធនាគារកូរ៉េ និង ១៤លានដុល្លារទៀតជាថវិកាបដិភាគរបស់រដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលរួចរាល់ហើយ ដែលមានទីតាំងស្ថិតលើផ្ទៃដីជាង ២ហិកតា ក្នុងតំបន់កប់ស្រូវ។ នេះបើយោងតាមលោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកព័ត៌មាននៅក្រោយជំនួប។

ក្រោយជំនួបពិភាក្សាការងារនេះ ភាគីទាំង២ បានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធលើការងារបច្ចេកទេស និងការសិក្សាទីតាំងជាក់ស្តែង មុននឹងឈានដល់ដំណាក់កាលសាងសង់។

- Video Advertisement -