របាយការណ៍៖ កម្ពុជាត្រូវការការធ្វើឲ្យកាន់តែជឿនលឿនផ្នែកសំណង់និងហេដ្ឋារចនាសម្ព័ន្ធ
ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះ ឱកាសនៃតម្រូវការទីផ្សារ គឺត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យជឿនលឿនផ្នែកបច្ចេកវិទ្យា និងការធ្វើឱ្យមានស្តង់ដារនៃវិធីសាស្រ្តទំនើបក្នុងការសាងសង់ នេះបើយោងតាមរបាយការណ៍វិភាគរបស់ OG ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ដែលមានចំណងជើងថា «ទីផ្សារ ទំហំ ចំណែកទីផ្សារ ចក្ខុវិស័យ និងឱកាសកំណើនផ្នែកសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ២០២០-២០២៦» បង្ហាញពីនិន្នាការសំខាន់ៗ និងព័ត៌មានសំខាន់ចំពោះទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ បន្ថែមពីនេះ របាយការណ៍ក៏បូករួមជាមួយកត្តាគន្លឹះក្នុងការជំរុញ រឹតត្បិត និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុនប្រតិបត្តិនៅក្នុងឧស្សាហកម្មនេះ។
របាយការណ៍បានកត់សម្គាល់ថា កំណើនពិភពលោកនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជារៀងរាល់ឆ្នាំប្រហែល ៦ភាគរយ នៅចន្លោះឆ្នាំ ២០១៩ និង ២០២៦ ស្របពេលដែលប្រទេសកម្ពុជា ក៏នឹងស្រូបយកអត្ថប្រយោជន៍ពីនិន្នាការនេះផងដែរ។
ជាការពិត រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។(អានបន្ថែម)
ជាមួយនឹងការកើនឡើងនៃការវិនិយោគបែបនេះ របាយការណ៍ខាងលើក៏ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងបន្តនិន្នាការឆ្ពោះទៅរកទំនើបកម្មនៃវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធតាមរយៈគម្រោងកែលម្អ ការសាងសង់អគារថ្មី និងគម្រោងផ្សេងទៀត។
របាយការណ៍វិភាគរយៈពេល ៦ ឆ្នាំនេះ ក៏បានបង្ហាញពីរបៀបដែលចក្ខុវិស័យកំណើនខាងលើនឹងជះឥទ្ធិពលដល់ទំហំទីផ្សារ ប្រាក់ចំណូលពីការលក់ក្នុងទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដល់អ្នកលក់រាយនិងលក់ដុំ និងអ្នកទិញនៃស្ថាប័នផ្សេងៗ។
របាយការណ៍នេះ បានប្រៀបធៀបទីផ្សារកម្ពុជាធៀបទៅនឹងទីផ្សារប្រកួតប្រជែងចំនួន ៥ របស់ខ្លួននៅក្នុងតំបន់ដើម្បី ឲ្យយល់កាន់តែច្បាស់អំពីតួនាទីរបស់ប្រទេសកម្ពុជាក្នុងការប្រតិបត្តិការនៅក្នុងតំបន់។
ព័ត៌មានលម្អិតបន្ថែមនៃរបាយការណ៍មាននៅទីនេះ។

