រមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីខ្មែរមុនសម័យអង្គរ) ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក
ប្រាសាទកោះកេរ ដែលល្បីថាជាប្រាសាទពីរ៉ាមីតខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមការសម្រេចជាឯកច្ឆ័ន្ទដោយសេចក្តីសម្រេចលេខ ៤៥ COM 8B.8 របស់ណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការសម្រេចបញ្ជូលរមណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនេះ ធ្វើឡើងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជោគជ័យនេះ គឺជាការនាំមកនូវកិត្យានុភាពថ្មីមួយទៀតសម្រាប់ប្រាសាទខ្មែរ។ មោទកភាពជាតិនេះ គឺជាការរំលឹកពីរ សារៈសំខាន់ជាសកល ពិសេសរបស់ប្រាសាទនេះ ថាជាកំណប់ទ្រព្យសកលលោកដែលមានតម្លៃហួសពីក្របខណ្ឌព្រំដែនប្រទេសឬជាតិសាសន៍ តែជាទ្រព្យសាកល និងឈរជាសក្ខីកម្មបញ្ជាក់ពីភាពច្នៃប្រតិដ្ឋកំពូលនៃបញ្ញាញាណរបស់មនុស្សជាតិខ្មែរកាលពីជំនាន់មុន។
ប្រាសាទដែលធ្លាប់ជាបេះដូងនៃចក្រភពខ្មែរបុរាណនេះ លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ស្ថិតនៅក្នុងទេសភាពដ៏ស្រស់ស្អាតនៃភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រាសាទនេះមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីខេត្តសៀមរាប និង ៦០គីឡូម៉ែត្រពីព្រះវិហារ។ អ្នកធ្វើដំណើរមកពីទីក្រុងភ្នំពេញ អាចធ្វើដំណើរក្នុងចម្ងាយ ៤៦០គីឡូម៉ែត្រ ដើម្បីទស្សនាភាពអស្ចារ្យនៃស្ថាបត្យកម្មដ៏ស្កឹមស្កៃមួយនេះបាន។
ពេលទៅដល់រមណីយដ្ឋានកោះកេរនេះ បច្ចុប្បន្នយើងមើលឃើញត្រឹមតែសំណង់ប្រាសាទ តែកាលពីជាង ១០០០ឆ្នាំមុន ទីនេះគឺជាអតីតរាជធានីខ្មែរបុរាណ ឈ្មោះឆោកគគ៌រ្យ ឬលិង្គបុរៈ ដែលត្រូវបានកសាងឡើងក្នុងសតវស្សទី១០ (ឆ្នាំ៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរផ្សេងទៀតសម័យមុនអង្គរ។
ដោយលាតសន្ធឹងលើផ្ទៃដី ១៦គីឡូម៉ែត្រការ៉េ និងរោមព័ទ្ធទៅដោយប្រាង្គប្រាសាទជាច្រើនទៀតចំនួន ៩៨ ដ៏អស្ចារ្យនៅជុំវិញ ប្រាសាទកោះកេរនេះ ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសចំពោះការគោរពបូជាសាសនាព្រាហ្មណ៍បុរាណ។ ភាពអស្ចារ្យនៃប្រាសាទនេះ រំលេចទៅដោយការរចនាជារាងពីរ៉ាមីតមានប្រាំពីរជាន់ និងកម្ពស់ ៣៥ម៉ែត្រ ដែលបង្ហាញពីជំនាញខាងវិញ្ញាណ និងស្ថាបត្យកម្មយ៉ាងជ្រាលជ្រៅរបស់ស្ថាបត្យករខ្មែរជំនាន់បុរាណ៕
- Video Advertisement -