រាជធានីភ្នំពេញនឹងបង្កើនហេដ្ឋា រចនាសម្ព័ន្ធឲ្យកាន់តែច្រើនបន្ថែមទៀត
ដើម្បីដោះស្រាយបញ្ហាពង្រីកទីក្រុង និងកំណើនយ៉ាងឆាប់រហ័សនៃយានជំនិះ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរំពឹងថានឹងត្រូវបញ្ចប់សព្វគ្រប់នៅភ្នំពេញមុនឆ្នាំ ២០២០ ខាងមុខនេះ។
នៅក្នុងពិធីសម្ពោធស្ពានអាកាស ៥ មករា តិចណូ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុម័តលើគម្រោងមួយចំនួនបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលស្គាល់ថាការស្ទះចរាចរណ៍នៅស្ពានក្បាលថ្នល់នៅតែបន្តនៅឡើយ ការសាងសង់ស្ពានអាកាសបន្ថែមមួយទៀត និងផ្លូវក្រោមដីដែលស្ថិតនៅក្បែរស្ពានដែលមានស្រាប់នឹងចាប់ផ្តើមនាពេលឆាប់ៗនេះ។ គម្រោងដែលមានតម្លៃ ១០លានដុល្លារអាមេរិកនេះ នឹងស្ថាបនាស្ពានអាកាសដែលមានប្រវែង៨១០ម៉ែត្រ និងផ្លូវក្រោមដីប្រវែង ៦០៦ ម៉ែត្រ ដែលនឹងសាងសង់ដោយក្រុមហ៊ុន OCIC។
ផ្លូវក្រោមដីដែលស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស ស្តុប PKCនឹងត្រូវបានសាងសង់ដោយក្រុមហ៑ុន OCIC ផងដែរ ដើម្បីសម្រួលដល់ចរាចរណ៍ជុំវិញតំបន់នោះ។ ផ្លូវក្រោមដីនេះនឹងមានប្រវែង ៣៤០ម៉ែត្រ ទទឹង ១៥ម៉ែត្រ រត់កាត់ពីក្រោមដីដែលមានកម្ពស់ ៥ ម៉ែត្រ។ បន្ទាប់ពីឆ្លងកាត់ការវិភាគដីបានជោគជ័យកាលពីដើមខែមករាមក ការសាងសង់ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះ។
ស្ពានអាកាសមួយទៀត នឹងត្រូវបានលេចឡើងនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយដែលមានការកកស្ទះខ្លាំង ព្រោះថាមហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវចម្បងតភ្ជាប់ពីកណ្តាលរាជធានីទៅព្រលានយន្តហោះ។ ស្ពាននេះនឹងមានប្រវែង៦១១ម៉ែត្រ និងទទឹង ១៦,៥ ម៉ែត្រ ហើយនឹងត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃប្រទេសចិនជាមួយហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។
ភ្នំពេញនឹងមានផ្លូវលឿនខាងលើជាលើកដំបូង ដែលលាតសន្ធឹងប្រវែង ១៣ គីឡូម៉ែត្រ ពីលើខ្សែរថភ្លើងតភ្ជាប់រវាងមហាវិថីព្រះមុនីវង្សនិងអាកាសយានដ្ឋានអន្តរជាតិ។ ផ្លូវដែលបង់ថ្លៃនេះ នឹងជួយធានាមិនឲ្យអ្នកដំណើរតាមផ្លូវអាកាសខកខានជើងហោះហើររបស់ពួកគេដោយសារតែការស្ទះចរាចរណ៍ទៀតទេ។ ខណៈពេលដែលសាលាក្រុងធ្លាប់បានប្រកាសពីមុនថា គម្រោងនេះនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគិនចិន ឥលូវនេះមានការលើកឡើងថាក្រុមហ៊ុន OCIC ក៏កំពុងតែចរចាជាមួយសាលារាជធានីដើម្បីវិនិយោគលើគម្រោងនេះដែរ។
ចំណែកក្រុមហ៊ុន Muhibbah Engineering (Cambodia) Co., Ltd. វិញ បានអះអាងថា ខ្លួនបានឈ្នះការដេញថ្លៃក្នុងតម្លៃទឹកប្រាក់ ២០០លានដុល្លារក្នុងការសាងសង់ផ្លូវលឿនមួយទៀតដែលតភ្ជាប់ទីកណ្តាលរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ ៤ និងអាកាសយានដ្ឋានអន្តរជាតិ។ ផ្លូវដែលមាន៤គន្លង លាតសន្ធឹងជាង ១៤គីឡូម៉ែត្រ នឹងទទឹង ២៤ ម៉ែត្រនេះ នឹងរត់ស្របគ្នាជាមួយផ្លូវរថភ្លើងដែលតភ្ជាប់ ពីរង្វង់មូលទួលគោក ទៅផ្លូវជាតិលេខ ៤។ គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ នៅពេលដែលការផ្តល់សំណងដល់លំនៅដ្ឋានដែលប៉ះពាល់បានចប់សព្វគ្រប់នៅឆ្នាំនេះ។
មានផ្លូវលឿនចម្ងាយឆ្ងាយមួយទៀតដែលមានប្រវែង ២២០ គីឡូម៉ែត្រ តភ្ជាប់រវាងភ្នំពេញនិងទីក្រុងហូជីមិញ នឹងចំណាយប្រមាណ ២,២ពាន់លានដុល្លារ ដែលត្រូវបានស្នើរដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានប្រកាសថានឹងត្រូវបញ្ចប់មុនឆ្នាំ២០៣០។
ក្រៅពីនេះភ្នំពេញ នឹងមានសំណង់ផ្លូវខ្សែក្រវា៉ត់ក្រុងទីពីរផងដែរ ដែលនឹងមានប្រវែង ១៦,៦៧ គីឡូម៉ែត្រ និងពីរគន្លងរត់ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវជាតិលេខ ២ កាត់តាមខណ្ឌដង្កោ សែនសុខ និងមានជ័យ ឆ្ពោះទៅខាងត្បូងនៃក្រុងតាខ្មៅ។ ផ្លូវនេះនឹងត្រូវកសាងដោយក្រុមហ៊ុនសំណង់សៀងហៃ របស់ចិន (Shanghai Con-struction Group) តាមរយៈហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ ផ្លូវនេះនឹងត្រូវបានសាងសង់ពីបេតុងដែលមានកម្រាស់ ២០សម ហើយមានទទឹង ២៣ ម៉ែត្រ ជាមួយនឹងប្រព័ន្ធលូ ១,៥ម៉ែត្រ នៅអមសងខាងផ្លូវ។ កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់គម្រោងទាំងអស់នេះ នៅមិនទាន់បានដឹងច្បាស់លាស់នៅឡើយទេ។
ក្នុងខណៈពេលដែលរដ្ឋាភិបាលមានសង្ឃឹមយ៉ាងមុតមាំថាហេដ្ឋារចនាសម្ព័ន្ធជាច្រើននឹងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍បាន អ្នកជំនាញនគរូបនីយកម្ម លោកបណ្ឌិត វ៉ាន់ វ៉ាត បានប្រាប់កាសែតភ្នំពេញប៉ុស្ត៍ថា មានហេដ្ឋារចនាសម្ព័ន្ធច្រើនតែម្យ៉ាងមិនអាចបញ្ឈប់ការកកស្ទះបានទេ។ លោកបានលើកឡើងថា៖ «ដើម្បីបញ្ចៀសបញ្ហានេះ យើងត្រូវតែមានផែនការលម្អិតសម្រាប់ខណ្ឌនីមួយៗ ថាតើផ្លូវណាខ្លះត្រូវពង្រីកនៅក្នុងពេល ៥ ឬ១០ ឆ្នាំខាងមុខ ហើយតើផ្លូវណាខ្លះ នឹងមានស្ពានអាកាស។ ប្រសិនបើយើងមិនធ្វើដូចនេះទេ បញ្ហាស្ទះចរាចរណ៍នឹងនៅតែបន្តមិនឈប់»។ លោកបណ្ឌិតបានស្នើរដ្ឋាភិបាលឲ្យកំណត់ការនាំចូលយានជំនិះព្រមទាំងរៀបចំ និងអនុវត្តប្រព័ន្ធភ្លើងចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ។
មិនមានការបង់ថ្លៃសម្រាប់ផ្លូវវេងស្រេង និងផ្លូវជាតិលេខ ៤ ទៀតទេ
ក្រោយពីឮការត្អូញត្អែរពីអ្នកដំណើរទាក់ទង និងការយកថវិកាពីការប្រើប្រាស់ផ្លូវវេងស្រេងមក លោកនាយករដ្ឋមន្រ្តីបានលុបចោលកុងត្រាវិនិយោគលើផ្លូវនេះកាលពីចុងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ហើយបានដាក់ផ្លូវនេះក្រោមការគ្រប់ គ្រងរបស់រដ្ឋ និងបញ្ឈប់ការយកប្រាក់ពីអ្នកដំណើរនៅលើផ្លូវនេះទៀត។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា «ខ្ញុំព្រះករុណាសូមជូនផ្លូវវេងស្រេងទៅប្រជាពលរដ្ឋវិញ ដើម្បីប្រើដោយមិនចាំបាច់បង់ថវិកាទៀតទេសម្រាប់ជាកាដូឆ្នាំថ្មី។ ខ្ញុំក៏សូមអរគុណដល់ប្រជាពលរដ្ឋរបស់យើងដែលបាននាំព័ត៌មាននេះតាមរយៈហ្វេសប៊ុក អំពីបញ្ហារបស់ពួកគេទាក់ទងនឹងផ្លូវវេងស្រេងឲ្យខ្ញុំបានដឹង»។
ក្រុមហ៊ុនចិន BOTT WAYS បានវិនិយោគលើផ្លូវវេងស្រេងចោមចៅនេះដែលមានប្រវែង ៦,៥គីឡូម៉ែត្រ និងមានទទឹង ២២ម៉ែត្រ ជាប្រភេទផ្លូវបេតុងដែលមានកម្រាស់ ២០ ស.ម ផ្លូវនេះត្រូវបានខណ្ឌដោយសួនច្បារទំហំ ២,៥ ម៉ែត្រ។ ខណៈពេលកិច្ចសន្យាត្រូវបានរំលាយផ្លូវនេះស្ទើតែបានសាងសង់រួចរាល់ទៅហើយ។ ការងារនៅសល់ទាំងប៉ុន្មាន ត្រូវប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីធ្វើបន្ត។
ដូចគ្នានឹងផ្លូវវេងស្រេងដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបញ្ឈប់ការយកថវិកាពីអ្នកដំណើរលើផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទី១៣ មករា បន្ទាប់ពីទទួលបានភាពត្អូញត្អែរពីប្រជាជនតាមរយៈហ្វេសប៊ុក។ ការសម្រេចនេះត្រូវបានធ្វើឡើងត្រឹម ៥ថ្ងៃក្រោយពីសម្តេចបានលុបចោលការយកថវិកាពីប្រជាជនដែលមានយានជំនិះ ហើយរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលត្រូវតែបង់ថ្លៃរាល់ថ្ងៃ។
ផ្លូវជាតិលេខ ៤ ដែលមានប្រវែង ២៣០គីឡូម៉ែត្រ បានដំណើរការ និងទ្រទ្រង់ដោយក្រុមហ៊ុន AZ Group ក្រោមកិច្ចសន្យារយៈពេល៣៥ ឆ្នាំ គិតតាំងពីឆ្នាំ ២០០០មក។ ផ្លូវដ៏សំខាន់ទៅកាន់តំបន់ឆ្នេរមួយនេះ ត្រូវបានពង្រីកពី ២ ដល់ ៤ គន្លង ដោយមិនមានបញ្ជាក់ពីការបរិច្ឆេទបញ្ចប់ច្បាស់លាស់ទេ៕

