រាជរដ្ឋាភិបាល ដាក់ឱ្យដំណើរការចំណតផែកុងតឺន័រថ្មី នៅស្រុកកៀនស្វាយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការចំណតផែកុងតឺន័រ នៃកំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់។
យោងតាមកំពង់ផែស្វយ័តភ្នំពេញ ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី១ ស្ថិតក្នុងគម្រោងពង្រីកចំណតផែកុងតឺន័រ ដែលត្រូវបានធ្វើជាជំហានៗ។ ដោយជំហានទី១ មានទំហំ១០ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥ម៉ឺន TEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីកម្ចីឥណនទានរបស់ ប្រទេសចិន ក្នុងទឹកប្រាក់២៨,៩លានដុល្លារអាមេរិក។
ជំហានទី២ ពង្រីកបន្ថែមទំហំ ៤,៥ហិកតា នៅឆ្នាំ២០១៨ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥ម៉ឺនTEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីការបោះផ្សាយលក់មូលបត្រ និងថវិកាសន្សំរបស់កំពង់ផែស្វយ័តភ្នំពេញ។
នៅចុងឆ្នាំ២០១៩ បានអនុវត្តគម្រោង ជំហានទី៣ ដំណាក់កាលទី១ មានទំហំ ២,៧៥ហិកតា ដោយមានសមត្ថភាពផ្ទុកកុងតឺន័រ ១០ម៉ឺន TEU ក្នុងមួយឆ្នាំ ដោយប្រើទុនវិនិយោគប្រមាណ ១៨,៤លានដុល្លារ ដែលទុនវិនិយោគនេះបានមកពីការបោះផ្សាយលក់មូលបត្រ និងថវិកាសន្សំរបស់កំពង់ផែស្វយ័តភ្នំពេញ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំណតផែកុងតឺន័រ LM១៧ មានសមត្ថភាពផ្ទុកកុងតឺន័រឆ្លងកាត់ក្នុងបរិមាណ ៤០ម៉ឺន TEU ក្នុងមួយឆ្នាំ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាពង្រីកចំណតផែ LM17នេះ ឱ្យមានសមត្ថភាពទទួលកុងតឺន័របាន ដល់៩០ម៉ឺន TEU ក្នុងមួយឆ្នាំ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។
កំពង់ផែស្វយ័តភ្នំពេញ គ្រោងពង្រីកបន្ថែមចំណតកុងតឺន័រដំណាក់កាលទីបី ជំហានទី២ ដោយបង្កើនសមត្ថភាពបន្ថែម ១០ម៉ឺន TEU ក្នុងមួយឆ្នាំ ជំរុញឱ្យកំពង់មានសមត្ថភាពទទួលកុងតឺន័រ ៥០ម៉ឺន TEUក្នុងមួយឆ្នាំ៕

