រាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ នៅខែសីហា ឬកញ្ញាខាងមុខ
រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។
ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២សីហា ឯកឧត្តម មាស សុខសេនសាន ថ្លែងថា៖ “កតា្តបច្ចេកទេស មកដល់ពេលនេះ យើងបានរៀបចំ សឹងតែរួចអស់ហើយ ចឹងនៅសល់តែពេលណាដែលអាចបោះផ្សាយបាន យើងសង្ឃឹមថា ឆាប់ៗនេះ អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅតាមអ្វីដែលយើងបានព្រាង»។
ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។
បានចាប់ផ្តើមការជួញដូរនៅឆ្នាំ ២០១២ ផ្សារមូលបត្រកម្ពុជា បាន និងកំពុង ដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន ១៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន ៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន ៧ ដែលបានប្រមូលទុនពីផ្សារមូលបត្រនេះ ប្រមាណ ២៨០លានដុល្លារអាមរិក។

