រុក្ខវិថីប្រវែង៦ពាន់ម៉ែត្រ ក្នុងឧទ្យានជាតិកែប សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុង ប្រវែង ៦,០០០ម៉ែត្រ​ ដែលប្រសិទ្ធនាមថា “​ រុក្ខវិថី បុប្ផា ប្រសិទ្ធ​ “​ ជុំវិញឧទ្យានជាតិកែប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងបម្រើដល់វិស័យទេសចរណ៍ក្នុងខែត្តកែប។​

ពិធីសម្ភោធផ្លូវរុក្ខវិថីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី​៤ ខែឧសភា ក្រោមវត្តមានឯកឧត្តមបណ្ឌិត​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​​ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ទិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងកងកម្លាំងប្រដាប់អាវុធ​ទាំងបី​ មន្ទីរ​អង្គភាពជុំវិញខេត្ត​ រដ្ឋបាល​ក្រុង​ ស្រុក​ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប៤៤០នាក់ ។

ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ផ្លូវបេតុង ប្រវែង ៦,០០០ ម៉ែត្រ នេះ នឹងក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរណ៍ស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍អាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិនេះ។

​ឯកឧត្តម​ រដ្ឋមន្ត្រី​ សង្ឃឹមថា ឧទ្យានជាតិនេះ និងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្ម វិស័យទេសចរណ៍​ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

ឧទ្យានជាតិកែប គឺជាឧទ្យានជាតិមួយនៅក្នុងខេត្តកែបរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ និងមានផ្ទៃដី ៦៦,៦ គីឡូម៉ែត្រការ៉េ។ឧទ្យាននេះរួមមានជួរភ្នំតូចមួយដែលមានផ្លូវ និងផ្លូវលំដែលពេញនិយមពីអ្នកទេសចរ។

- Video Advertisement -