រោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី១ ខែមីនា។
ឯកឧត្តម ថា «បច្ចុប្បន្ន ក្រុមសាងសង់កំពុងដាក់ទុយោបំពង់មុខកាត់២ម៉ែត្រ ក្រោមបាត់ទន្លេសាប ដែលជាសំណង់ប្រវត្តិសាស្រ្ត ដែលយើងនឹងចាប់ផ្តើមសាងសង់នៅដើមខែ៤ ខែ៥ ឆ្នាំ២០២២ នេះផងដែរ»។
«ដូច្នេះ ចុងឆ្នាំ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយដើមឆ្នាំ២០២៤ ខាងមុខធានាថា ទឹកក្នុងរាជធានីភ្នំពេញលែងមានបញ្ហាហើយ គឺគ្រប់គ្រាន់ទាំងអស់» ។
គម្រោងនេះ ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចប់ ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។
រោងចក្រនេះ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕ (អានបន្ថែម)

