រោងចក្រមីកញ្ចប់លំដាប់អន្តរជាតិបើកសម្ភោធជាផ្លូវការ
រោងចក្រផលិតមីកញ្ចប់ បំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុនបានបើកសម្ភោធដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ កន្លងទៅជាមួយនឹងក្តីរំពឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ខណៈផលិតផលមីនេះគឺផលិតដោយស្នាដៃខ្មែរ។
វិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd រោងចក្រផលិតមី មានទីតាំងនៅលើមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។
ដោយមានម៉ាកសញ្ញា «មីជាតិ» ផលិតផលមីកញ្ចប់ពីរោងចក្រ មានបីជម្រើស គឺរសជាតិខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់។
ថ្លែងនៅក្នុងពិធីសម្ភោធកាលពីថ្ងៃសៅរ៍ លោកស្រី ជឹង សុគន្ធាវី នាយិការោងចក្រមីជាតិ បានមានប្រសាសន៍ថា ផលិតផលមីជាតិ ត្រូវបានផលិតជាផលិតផលខ្មែរដំបូងគេនៅលើទីផ្សារកម្ពុជាដែលបង្កើត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលជាប្រជាពលរដ្ឋខ្មែរមីជាតិត្រូវបានបង្កើតឡើងតាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផ្ចិត ផ្ចង់ សម្រិតសម្រាំងបំផុត និងផលិតដោយប្រើប្រាស់ម៉ាស៊ីននាំចូលពីប្រទេសជប៉ុន និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន។
លោកស្រីបន្តថា “នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង”។
លោកស្រីជឹង សុគន្ធាវី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ឲ្យចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។
លោក អ៊ុំ សូថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការដំណើរការរោងចក្រមីនេះ នឹងជួយលើកកម្ពស់ ការផលិតក្នុងស្រុក ជួយវិស័យកសិកម្ម ផ្គត់ផ្គង់វត្ថុធាតុដើម និងផ្តល់ការងារជូនប្រជាពលរដ្ឋ។
លោក អ៊ុំ សូថា ថ្លែងថា៖ “ជាធម្មតា ការបង្កើតការផលិតក្នុងស្រុក ជួយបានច្រើន ទាក់ទងនឹងកសិកម្ម…បង្កើតការងារដល់ប្រជាពលរដ្ឋ ជាពិសេសបង្កើតជំនាញដល់កម្មករ ពីអ្នកជំនាញបរទេស ក្នុងការប្រើប្រាស់ម៉ាស៊ីន បច្ចេកវិទ្យាទំនើបៗ”។
មិនមានព័ត៌មានពាក់ព័ន្ធនឹងទុនវិនិយោគ និងសមត្ថភាពផលិតនៃរោងចក្រមីជាតិនេះត្រូវបានបង្ហាញក្នុងពិធីសម្ភោធ។
បើតាមលោក អ៊ុំ សូថា ផលិតផលក្នុងស្រុកមានលទ្ធភាពប្រកួតប្រជែង ជាមួយផលិផលនាំចូលបាន តែផលិតផលទាំងនោះត្រូវផ្តោតលើការពង្រីងគុណភាព និងតម្លៃប្រកួតប្រជែងប្រហាក់ប្រហែលនឹងផលិតផលនាំចូល។
គួរបញ្ជាក់ជូនថា ការផលិតមីកញ្ចប់នៅកម្ពុជា មានចាប់តាំងពី ឆ្នាំ២០១០ ដោយសហគ្រាសផលិតមី “មីយើង” ប៉ុន្តែហាក់មិនសូវមានប្រជាប្រិយភាពគាំទ្រខ្លាំង ធៀបនឹងផលិតផលមីកញ្ចប់នាំចូញ៕
The Photo Credit link: https://www.facebook.com/ministry.economy.finance/?epa=SEARCH_BOX
- Video Advertisement -