លោករដ្ឋមន្ត្រីថ្មីសន្យាធ្វើសកម្មភាពឲ្យបានខ្លាំងក្លា
បញ្ហាដែលទាក់ទងទៅនឹងការធ្វើផែនការទីក្រុង ការផ្ដល់កម្មសិទ្ធិដីធ្លី ជម្លោះដីធ្លី ការវិនិយោគក្នុងវិស័យសំណង់ និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងវិស័យឧស្សាហកម្មសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងត្រូវបានផ្តល់កម្លាំងជំរុញ និងអាទិភាពបន្ថែមទៀត បន្ទាប់ពីការតែងតាំងឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងខែមេសា។
ឯកឧត្តមត្រូវបានតែងតាំងឲ្យមកធ្វើជារដ្ឋមន្ត្រីថ្មី ជំនួសរដ្ឋមន្ត្រីចាស់ឯកឧត្តម អ៊ឹម ឈុនលឹម ដែលចូលនិវត្តន៍ ហើយការតែងតាំងនេះ គឺជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រី នៅពាក់កណ្តាលនៃអាណត្តិទីប្រាំរបស់រាជរដ្ឋាភិបាល។ ក្នុងនាមនិយ័តករថ្មីក្នុងការងារដីធ្លី និងសំណង់របស់ប្រទេស លោករដ្ឋមន្ត្រីថ្មីត្រូវបានប្រគល់ភារកិច្ចឲ្យនាំយកភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លាដើម្បីដោះស្រាយបញ្ហាក្តៅដែលក្រសួងកំពុងតែប្រឈម។
នៅក្នុងពិធីចូលកាន់តំណែងរបស់ឯកឧត្តម នៅថ្ងៃទី ៦ ខែមេសា ឯកឧត្តម ជា សុផារ៉ា បានធ្វើការប្តេជ្ញាចិត្តដើម្បីបន្តជំរុញពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីក្នុងក្រសួង ជំរុញដំណើរការផ្ដល់កម្មសិទ្ធិដីធ្លីជាប្រព័ន្ធ និងការផ្តល់កម្មសិទ្ធិដីធ្លីដល់ក្រុមជនជាតិភាគតិច(ជាពិសេសជំរុញការអនុវត្តប្រកាសលេខ ០១ របស់រាជរដ្ឋាភិបាល) និងបង្ក្រាបការចូលទន្ទ្រានដីសាធារណៈដោយខុសច្បាប់ ព្រមទាំងការរំលោភលើកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកបានប្តេជ្ញាថានិងបញ្ឈប់ និងដោះស្រាយចំពោះការអភិវឌ្ឍអចលនទ្រព្យដែលខុសច្បាប់ ជម្រុញឲ្យមានការគ្រប់គ្រង ការធ្វើផែនការរៀបចំទីក្រុងឲ្យមានប្រសិទ្ធិភាព ដោយបញ្ជាក់ឲ្យបានច្បាស់នូវតំបន់ទីក្រុង និងតំបន់អាគារខ្ពស់ ដើម្បីធានាឲ្យបាននូវការអនុវត្តដោយជោគជ័យនូវគោលនយោបាយសម្បទានដីសង្គមកិច្ច ព្រមទាំងរួមដៃសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
សាធារណៈជនទូទៅ អ្នកសង្កេតការណ៍ និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បានសម្តែងនូវទំនុកចិត្តលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ជា សុផារ៉ា ដើម្បីបញ្ចប់បញ្ហាដីធ្លី និងបញ្ហាអចលនទ្រព្យ ដ៏ចម្រូងចម្រាស់នៅក្នុងប្រទេស ដោយសារកេរ្តិ៍ឈ្មោះ និងសាវតាដ៏ល្អរបស់ឯកឧត្តមនៅក្នុងបញ្ហាដីធ្លី និងការរៀបចំផែនការទីក្រុងរបស់ជាតិ។
មិនយូរប៉ុន្មានបន្ទាប់ពីការតែងតាំង ឯកឧត្តមបានដោះស្រាយជម្លោះដីធ្លីដ៏ចម្រូងចម្រាសនៅតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ដោយផ្តល់តំបន់សាធារណៈឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អភិបាលខេត្ត ព្រមទាំងពង្រឹងការចូលរួមរបស់មន្ត្រី និងនីតិវិធីចេញលិខិតអនុញ្ញាតសាងសង់។
ឯកឧត្តម ជា សុផារ៉ា ដែលបច្ចុប្បន្នមានអាយុ ៦៣ ឆ្នាំ មានបទពិសោធយ៉ាងច្រើននៅក្នុងសេវាសាធារណៈ ជាពិសេសនៅក្នុងមុខតំណែងដែលមានសមត្ថកិច្ច និងបទពិសោធក្នុងការធ្វើផែនការទីក្រុង។អាជីពការងាររបស់គាត់មកដល់ពេលបច្ចុប្បន្ននេះរួមមាន ធ្លាប់ធ្វើជាអភិបាលខណ្ឌទួលគោក (១៩៨៥-១៩៨៨) អភិបាលរងរាជធានីភ្នំពេញ (១៩៨៨-១៩៩៥) អភិបាលរងទី១សាលារាជធានីភ្នំពេញ (១៩៩៥-១៩៩៩), ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអភិបាលរងទី១ សាលារាជធានីភ្នំពេញ (១៩៩៩) ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអភិបាលសាលារាជធានីភ្នំពេញ (១៩៩៩-២០០៣) រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ឆ្នាំ ២០០៤-២០០៨) និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ (ឆ្នាំ ២០០៨ -២០១៣)។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានបង្កើតក្នុងអាណត្តិទី ២ របស់រដ្ឋាភិបាល ដោយរួមបញ្ចូលគ្នានូវមន្ត្រីមកពីភ្នាក់ងាររដ្ឋាភិបាលចំនួន៥ និងអាជ្ញាធរស្វយ័តចំនួន៧ ដែលដឹកនាំដោយឯកឧត្តម អ៊ឹម ឈុនលឹម។
តាមរយៈការផ្តល់របាយការណ៍សង្ខេបអំពីការបម្រើការងាររបស់ខ្លួននៅក្នុងក្រសួងរយៈពេល ១៧ ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩៩ មក ឯកឧត្តម អ៊ឹម ឈុនលឹម បានរាយការណ៍ថា មានមន្ត្រីរាជការចំនួន ៣,០១៥ ស្ថិតនៅក្នុងបញ្ជីបើកប្រាក់ខែរបស់ក្រសួង ដោយក្នុងនោះមានមន្ត្រីរាជការចំនួន ៦៤៥នាក់ បម្រើការងារនៅថ្នាក់កណ្តាល មន្ត្រីរាជការ ៩៨៥ នាក់បម្រើការងារនៅមន្ទីរនគរូបនីយកម្មរាជធានី-ខេត្ត និងមន្ត្រីរាជការចំនួន ១៣៦៥ ផ្សេងទៀតបម្រើការងារនៅក្នុងកម្រិតក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់។ ក្នុងចំណោមមន្ត្រីទាំងនោះ មានវិស្វករចំនួន ៣៩៩ នាក់ ស្ថាបត្យករចំនួន ២២០ នាក់ អ្នករៀបចំផែនការទីក្រុងចំនួន ១៨១ នាក់ អ្នកជំនាញសុរិយោដីចំនួន ៤០៨ នាក់ និងអ្នកជំនាញផ្នែកច្បាប់ចំនួន ២៥៨ នាក់ ហើយមន្ត្រីចំនួន ៩២០ នាក់ សញ្ញាបត្រកម្រិតខ្ពស់។
ក្រសួងក៏បានគ្រប់គ្រងមហាវិទ្យាល័យគ្រប់គ្រងដែនដី និងនគរូបនីយកម្ម ដែលមានមូលដ្ឋាននៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតមធ្យមដែលមានឯកទេសក្នុងការងារសុរិយោដី និងការរៀបចំផែនការទីក្រុង។
ក្រសួងបានបំពេញបេសកកម្មចម្បងចំនួន ៦ ស្របតាមបន្ទាត់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានដូចជា ការងារទាក់ទងទៅនឹងគោលនយោបាយ និងក្របខណ្ឌច្បាប់ ការផ្តល់កម្មសិទ្ធិដីធ្លី និងជម្លោះដីធ្លី ការធ្វើផែនការទីក្រុង និងសំណង់សម្បទានដីសង្គម ការធ្វើផែនការនិងការគ្រប់គ្រងតំបន់ឆ្នេរ និងការងារលំនៅឋានសាធារណៈ។
អតីតរដ្ឋមន្ត្រី ឯកឧត្តម អ៊ឹម ឈុនលឹម ក៏បានលើកឡើងពីបញ្ហាប្រឈមដែលកំពុងបន្តដោះស្រាយដោយក្រុមការងារដែលលោកបានបន្សល់ទុកផងដែរ។ កិច្ចការទាំងនោះរួមមាន ការផ្សព្វផ្សាយគោលនយោបាយដែលមានស្រាប់ និងក្របខណ្ឌច្បាប់ដល់មន្ត្រី និងប្រជាពលរដ្ឋ ជំរុញ និងកសាងសមត្ថភាពរបស់មន្ត្រី បញ្ចប់បញ្ជីត្រួតពិនិត្យការបំពេញកាតព្វកិច្ចរបស់បុគ្គលិក ដោះស្រាយជម្លោះដីធ្លី ពង្រឹងបទដ្ឋានសាងសង់ និងដោះស្រាយចំពោះការអភិវឌ្ឍអចលនទ្រព្យខុសច្បាប់។
ក្នុងឆ្នាំ ២០១១ ក្រសួងបានជួយផ្តួចផ្តើមសមាគម ២ នោះគឺ គណៈស្ថាបត្យករកម្ពុជា (BAC) ដែលគ្រប់គ្រងដោយរដ្ឋ និងដែលមានស្ថាបត្យករចំនួន ៤៩៩ នាក់បានចុះឈ្មោះចូលជាសមាជិក និងសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលគ្រប់គ្រងដោយឯកជន និងដែលមានក្រុមហ៊ុនជាសមាជិកចំនួន ១១៣ ក្រុមហ៊ុន មកដល់ពេលនេះ។
ប្រាក់ចំណូលរបស់ក្រសួងពីសេវាផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យបានកើនឡើងពី ៣៣ លានដុល្លារក្នុងឆ្នាំ ២០០៥ នៅពេលដែលមានការចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យត្រឹមតែ ១,៥ លាន រហូតដល់ចំនួន ៨១ លានដុល្លារនៅឆ្នាំ ២០១៥ ដោយមានចំនួននៃការចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យជាង ៤ លាន។ កាលពីឆ្នាំមុន ក្រសួងក៏បានធ្វើការកត់ត្រានូវការចុះបញ្ជីហ៊ីប៉ូតែកលើកម្មសិទ្ធិចំនួន ១៧.០០០ ដែលមានតម្លៃប្រាក់កម្ចីចំនួន ៣,៦ ពាន់លានដុល្លារ។
ក្រសួងក៏បានអនុម័តលើគម្រោងសាងសង់ចំនួន ២,៣០៥ គម្រោង ដែលរួមមានគម្រោងធំចំនួន ១៨៤ សាងសង់លើផ្ទៃដីទំហំ ៧,៦ លានម៉ែត្រការ៉េ ដែលមានតម្លៃប្រមាណ ៣,៣ ពាន់លានដុល្លារ កើនឡើង ១០ ដង បើប្រៀបធៀបទៅនិងឆ្នាំ ២០០០ ដែលមានត្រឹមតែ ៣២៨ លានដុល្លារ ។ ក្រសួងក៏បានចុះបញ្ជីក្រុមហ៊ុនធ្វើការងាររកស៊ីទាក់ទងទៅនឹងការសាងសង់ចំនួន ២៣៥ ក្រុមហ៊ុន នៅឆ្នាំ ២០១៥ ផងដែរ។
យោងតាមការស្ទង់មតិមួយដោយក្រសួង វិស័យឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជា បានបង្កើតការងារចំនួន ២០០.០០០ ទៅ ២៥០.០០០ សម្រាប់ប្រជាពលរដ្ឋកម្ពុជារាល់ថ្ងៃ។ កម្មករដែលមិនមានជំនាញអាចរកចំណូលបានពី ៦ដុល្លា ទៅ ៧.៥ដុល្លារ ក្នុងមួយថ្ងៃ កម្មករដែលមានជំនាញអាចទទួលបានប្រាក់ចន្លោះពី ១២,៥ដុល្លារ ទៅ ១៥ដុល្លារ ក្នុងមួយថ្ងៃ ខណៈដែលវិស្វករ និងស្ថាបត្យករ អាចរកប្រាក់ចំណូលបានចន្លោះពី ៣៥០ដុល្លារ ទៅ ២.០០០ដុល្លារ ក្នុងមួយខែ។

