វត្តមាននៃកម្មវិធីពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាឆ្នាំ២០២០ មិនមានការផ្លាស់ប្តូរទេ

ការតាំងពិព័រណ៍សំណង់ធំបំផុតប្រចាំឆ្នាំនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា គឺមិនទាន់អាចបញ្ជាក់បានទេថា តើនឹងអាចប្រព្រឹត្តិឡើងទៅតាមផែនការគ្រោងទុក ឬក៏ត្រូវពន្យាពេលទៅថ្ងៃណាមួយខាងមុខ ខណៈដែលវិធានការគម្លាតសង្គមនៅតែបន្តអនុវត្ត ដើម្បីការពារការរីករាតត្បាតនៃជំងឺកូវីដ១៩។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា សមាគមគឺកំពុងរង់ចាំមើលការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩ ហើយលោកមិនទាន់អាចបញ្ជាក់ជាផ្លូវការបាននៅឡើយទេ ថាតើព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងត្រូវពន្យារពេលទៅថ្ងៃក្រោយ ឬមួយយ៉ាងណា។

លោកបានមានប្រសាសន៍ថា៖ «យើងនឹងជូនដំណឹងនៅពេលក្រោយប្រហែលជា ៣ ខែមុនពេលកំណត់ [ថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ ២០២០] ព្រោះឥឡូវនេះយើងកំពុងរង់ចាំមើលថាតើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមានការជួបជុំនៅពេលខាងមុខឬអត់»។

លោក ស៊ីវផេង សង្ឃឹមថាជំងឺកូវីដ១៩ នឹងប្រសើរឡើងដើម្បីអាជីវកម្មអាចដំណើរការបានដូចធម្មតា។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមអ្នកសាងសង់កម្ពុជាតែងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលនឹងបង្ហាញផលិតផលរាប់ពាន់ពីស្តង់របស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយ។

សម្រាប់ឆ្នាំ២០២០ បើគ្មានការពន្យារពេលនោះទេ ការតាំងពិព័រណ៍នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣-៥ ខែធ្នូនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ។

សម្រាប់ព័ត៌មានបន្ថែម ឬ កក់ស្តង់ សូមទាក់ទង កញ្ញាម៉ាណាលេខទូរសព្ទ +855-60-888 944 ឬអ៊ីម៉ែល expo@construction-property.com

- Video Advertisement -