វិនិយោគអចលនទ្រព្យក្នុងយុគសម័យថ្មី៖ ស្វែងយល់ពីកំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា

គណៈកម្មការអចលនទ្រព្យនិងសំណង់របស់ EuroCham កម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយក្រោមប្រធានបទ “វិនិយោគលើអចលនទ្រព្យក្នុងយុគសម័យថ្មី៖ កំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០រសៀល នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាបន្តភាពចាស់ទុំ ព្រឹត្តិការណ៍លំដាប់កំពូលមួយនេះបានទទួលការគាំទ្រឈានមុខគេពីបណ្តាក្រុមហ៊ុនល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ ដែលពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញរចនាសាងសង់ ជាពិសេសទទួលបានការគាំទ្រពីសំណាករដ្ឋាភិបាល ដែលចង់ស្វែងយល់ពីនិន្នាការផ្លាស់ប្តូរ និងការរីកចម្រើនបំផុតរបស់ឧស្សាហកម្មមួយនេះ ដោយផ្តោតលើការកើនឡើងយ៉ាងឆាប់រហ័សនៃ​លំនៅឋាន​ដែលមានកេរ្តិ៍ឈ្មោះល្បីនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាថ៌កំបាំងនៅក្រោយនៃការរីកចម្រើន។

ជាមួយការឈានជើងចូលទីផ្សារលំនៅឋានកាន់តែច្រើនពីបណ្តាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីលើវិស័យបដិសណ្ឋារកិច្ចក្នុងទីផ្សារកម្ពុជា លំនៅឋានដែលមានម៉ាកយីហោល្បីៗកំពុងកំណត់ឡើងវិញនូវរបៀបដែលវិនិយោគិន អ្នកអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់យល់ឃើញពីភាពប្រណីត ទំនុកចិត្ត និងតម្លៃសម្រាប់រយៈពេលវែង។ វេទិកានេះនឹងពន្យល់អំពីអត្ថន័យនៃការវិវត្តន៍សម្រាប់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា និងរបៀបដែលកម្ពុជាអាចសម្របខ្លួនដើម្បីទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ ប្រកបដោយទេពកោសល្យ និងភាពទាក់ទាញជាអន្តរជាតិ។ វគ្គនេះនឹងចាប់ផ្តើមជាមួយសុន្ទរកថាស្វាគមន៍ពីលោក Charles Amar អនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់របស់ EuroCham និងជាដៃគូមកពីក្រុមហ៊ុនច្បាប់ Athipa ព្រមទាំងសន្ទរកថារបស់ឯកឧត្តម នី ផាលី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលនឹងពន្យល់ពីចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍអចលនទ្រព្យជាមួយនឹងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ចដែលកំពុងពង្រីកខ្លួនក្នុងប្រទេសកម្ពុជា។

ពេញមួយកម្មវិធី អ្នកចូលរួមនឹងបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយពីអ្នកជំនាញអន្តរជាតិ ដែលមានលោក Riyan Itani ជាស្ថាបនិក និងជានាយក Global Branded Residences នឹងចូលខ្លួនមកធ្វើបទបង្ហាញអំពីព័ត៌មានថ្មីៗនៃទីផ្សារសកល ស្តីពីគោលគំនិតនៃការរស់នៅតាមបែបម៉ាកយីហោដែលមានទំនុកចិត្ត រួមជាមួយលោក Michael Ayling នាយកគ្រប់គ្រងក្រុមហ៊ុន Brand Atlas ដែលនឹងចូលខ្លួនមកពិភាក្សាអំពីការលេចចេញនូវលំនៅឋានម៉ាកយីហោប្រណីតថ្មីៗនៅអាស៊ីអាគ្នេយ៍

វេទិកានេះនឹងមានការពិភាក្សាស៊ីជម្រៅចំនួនពីរ។ វេទិកាទីមួយ “ហេតុអ្វីបានជាម៉ាកយីហោល្បីៗកំពុងវាយលុកចូលទីផ្សារលំនៅឋាន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នកអភិវឌ្ឍន៍” ដែលនឹងបង្ហាញការសិក្សាស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច កត្តាជំរុញនៃតម្រូវការ និងគំរូភាពជាដៃគូនៅពីក្រោយនិន្នាការនៃការកើនឡើង ដោយមានកិច្ចសហការណ៍ពន្យល់បកស្រាយបន្ថែម និងធ្វើបទបង្ហាញដោយវាគ្មិនដែលមានបទពិសោធន៍មកពីក្រុមហ៊ុន Frasers Hospitality, Khou Group, Brand Atlas និង Global Branded Residences។ វេទិកាទីពីរ “បទពិសោធន៍រចនារបស់ម៉ាកយីហោល្បីៗ” នឹងពន្យល់ពីរបៀបដែលការរចនា និងប្រវត្តិនៃអចលនទ្រព្យម៉ាកយីហោល្បី ដែលកម្មវិធីនេះនឹងសម្របសម្រួលដោយលោក Richard Stevens នាយកប្រតិបត្តិក្រុមហ៊ុន Sectorlight ដោយមានការចូលរួមដោយថ្នាក់ដឹកនាំមកពីក្រុមហ៊ុន OCIC, Santhaya, Sectorlight និង The One Atelier។

កម្មវិធីបញ្ចប់ នឹងរៀបចំទទួលទានអាហារពេលល្ងាចជាមួយភ្ញៀវកិត្តិយស ដែលព្រឹត្តិការណ៍នេះនឹងផ្តល់ជូនផ្តាច់មុខសម្រាប់អ្នកជំនាញអចលនទ្រព្យ អ្នកវិនិយោគ ស្ថាបត្យករ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យល្បីៗ ដើម្បីផ្លាស់ប្តូរគំនិតទស្សនៈ និងបង្កើតកិច្ចសហការថ្មីៗនៅក្នុងវិស័យអចលនទ្រព្យដែលមានការវិវត្តយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា។

តាមរយៈសម្រង់សម្តីរបស់លោក Charles Amar បានលើកឡើងថា “លំនៅឋាដែលមានម៉ាកយីហោល្បីៗបច្ចុប្បន្នកំពុងផ្លាស់ប្តូររូបរាងអចលនទ្រព្យដោយលាយបញ្ចូលគ្នានូវភាពប្រណីតបំផុតនៃបែបផែនបដិសណ្ឋារកិច្ចទៅក្នុងលំនៅឋាន”។ “វេទិកានេះគឺជាឱកាសដ៏ពិសេសមួយដើម្បីស្វែងយល់ពីរបៀបដែលម៉ាកយីហោល្បីៗ និងអ្នកអភិវឌ្ឍន៍អន្តរជាតិអាចកំណត់ស្តង់ដារថ្មីសម្រាប់គុណភាពជីវិត នវានុវត្តន៍ និងរបៀបរស់នៅទៅក្នុងការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា”។

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍
កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
ពេលវេលា៖ ម៉ោង ២:០០រសៀល – ៥:០០រសៀល (កម្មវិធីសម្ព័ន្ធធុរកិច្ចចាប់ពីម៉ោង ៥:០០រសៀល)
ទីកន្លែង៖ សណ្ឋាគារ Shangri-La ភ្នំពេញ
ការចុះឈ្មោះ៖ បើកឥឡូវនេះ៖ https://tinyurl.com/27232zfv

- Video Advertisement -