វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ
វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិតនៅជិតវិមានឯករាជ្យ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ។ នេះបើតាមព្រះរាជពិធីសម្ពោធ ក្រោមអធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។
បើតាមសុន្ទរកថាឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វិមានរដ្ឋធម្មនុញ្ញមានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត។
សំណង់បេតិកភណ្ឌជាតិនេះ ត្រូវបានស្ថាបត្យករ ធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ដើម្បីញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង៖
១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប។
២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ដូចខាងក្រោម៖
- ផ្នែកទី១ គឺ វិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្តិមូលសាល ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ ព្រះសិរមហាព្រហ្ម កសាងពីសំរឹទ្ធ។ សសរស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងផ្សេងទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំនៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះនាំមក នូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក; ឯកោ បញ្ចប់សមាហរណកម្ម; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈប្រាំតួ គឺ “ ប – ៦ – ប – ស – អ”។
- ផ្នែកទី២ គឺតួមហាបុស្បុក មានទម្ងន់សរុបប្រមាណ ១២តោន កសាងពីសំរឹទ្ធប្រមាណ ៧០% ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ល្អវិចិត្រ កសាងឡើងតាមក្បួនខ្នាតរចនាបថខ្មែរបុរាណ។ ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជាសិលា-លោហប្រាសាទដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាសំណង់សតវត្សរ៍ក្នុងអនាគតកាល។
គួរបញ្ជាក់ថា សំណង់វិមានរដ្ឋធម្មនុញ្ញ ប្រើពេលសាងសង់អស់រយៈពេលអស់ប្រមាណ ១៤ខែ ក្រោមការដឹកនាំដោយបណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុមអ្នកបច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ សរុបចំនួន ៧០រូប ដែលបានខិតខំប្រឹងប្រែងកសាងវិមានរដ្ឋធម្មនុញ្ញ រហូតសម្រេចបានជាមូលដ្ឋាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

- Video Advertisement -