វៀតណាមគ្រោងចំណាយ ៩៧លានដុល្លារ លើកកម្ពស់ផ្លូវ Highway តភ្ជាប់ហូជីមិញនិងព្រំដែនព្រៃវល្លិ៍
ប្រទេសវៀតណាមគ្រោងនឹងចំណាយ៩៧លានដុល្លារ លើកកម្ពស់ផ្លូវ Highway ឬផ្លូវជាតិលេខ ៦២ ដែលតភ្ជាប់ពីទីក្រុងហូជីមិញទៅព្រំដែនកម្ពុជាព្រៃវល្លិ៍នៃខេត្តស្វាយរៀង ដោយផែនការគម្រោងត្រូវបានដាក់ស្នើទៅក្រសួងដឹកជញ្ជូនវៀតណាមកាលពីថ្មីៗនេះ។ នេះបើយោងតាម VN Express កាលពីថ្ងៃទី ១៥ ឧសភា កន្លងមកនេះ។
ក្រោយសាងសង់រួច គម្រោងនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់តំបន់ដីសណ្ដទន្លេមេគង្គ និងព្រំដែនកម្ពុជា បានមួយកម្រិតធំ។
ការស្នើសុំនេះត្រូវបានលើកឡើងដោយសារតែផ្លូវជាតិលេខ ៦២ បច្ចុប្បន្នត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ផ្លូវក៏ចាប់ផ្ដើមតូចចង្អៀតណាស់ ដោយសារតែការកើនឡើងនៃការដឹកជញ្ជូនជាបន្តបន្ទាប់។
ដូច្នេះការលើកកម្ពស់ នឹងរួមបញ្ចូលការជួសជុលការខូចខាត និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ ម៉ែត្រផងដែរ។
ប្រសិនបើគម្រោងត្រូវបានអនុម័ត ការងារជួសជុលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២។ គម្រោងនេះ នឹងចំណាយថវិកាចេញពីការលក់មូលបត្ររបស់រដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា ផ្លូវនេះមានប្រវែង ៧៦គ.ម ចាប់ផ្តើមនៅខេត្តឡុងអាន ភ្ជាប់ជាមួយផ្លូវហាយវេលេខ ១ លេខ២ និងផ្លូវល្បឿនលឿន HCMC-Trung Luong-My Thuan Expressway រួចឆ្ពោះទៅទល់ដែនកម្ពុជាវៀតណាម។
សម្រាប់ខាងកម្ពុជាវិញ ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកដំណើរកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំមុន។ (អានបន្ថែម)

