វៀតណាមស្នើកម្ពុជាសិក្សាពីលទ្ធភាពសង់ផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ

រដ្ឋាភិបាលវៀតណាម បានស្នើមកភាគីកម្ពុជាឱ្យ សិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់រាជ​ធានីភ្នំពេញ និងទីក្រុងហូជីមិញ។ នេះបើតាមជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​សាធារណ​រដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់​វិស័យហេដ្ឋា​រចនា​សម្ព័ន្ធ​​ដឹកជញ្ជូន ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះដែរ ភាគីវៀតណាម ក៏បានស្នើបន្ថែមមកកម្ពុជាមានដូចជា៖

  • ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០​០​គ្រឿង​ ទៅ ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នា​ដើមខែ​វិច្ឆិកា​ខាង​មុខ
  • ជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ
  • ជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បី​​កាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមាន​ការ​កក​ស្ទះ​
  • ជំរុញឱ្យមានការតភ្ជាប់វិស័យគមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើង​ហោះ​​ហើរ​ត្រង់​ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើន​ទេសចរណ៍​របស់ប្រទេស​ទាំង​ពីរ។

ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លើយតបថា «ក្រសួង​បាន​ចុះអនុស្សរណៈ​យោគ​យល់​លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចរាល់ហើយ គ្រោងនឹងចុះ​កិច្ច​ព្រម​ព្រៀងសម្បទាន និង​ការ​បើក​ការ​ដ្ឋានសាងសង់នាពេលខាងមុខ»។ (អានបន្ថែម)

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់ក្តីសង្ឃឹមថា គម្រោងសាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-បាវិត និងគម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុង​ពេល​នោះ​តែម្តង។

ដោយឡែក ចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោម​អធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម នា​ពេល​ខាងមុខ។

- Video Advertisement -