វៀតណាម អនុម័តថវិកាជាង១០ប៊ីលានដុល្លារ សាងសង់រថភ្លើងជិត ៥ពាន់ គ.ម ទូទាំងប្រទេស
វៀតណាមបោះជំហានកាន់តែធំលើការពង្រីកគុណភាពប្រព័ន្ធដឹកជញ្ជូនតាមផ្លូវរថភ្លើង ដោយទើបតែអនុម័តថវិកាប្រមាណ ១០,៥ប៊ីលានដុល្លារ សម្រាប់កសាង និងលើកកម្ពស់ផ្លូវរថភ្លើង ១៦ខ្សែ មានប្រវែងសរុប ៤ ៨០០គីឡូម៉ែត្រ ក្នុងរយៈពេល១០ឆ្នាំ។ នេះបើយោងតាម Global Construction Review កាលពីថ្ងៃទី២៧ ខែតុលា ។
ផែនការនេះ ត្រូវបានប្រកាសដោយ លោក Le Van Thanh ឧបនាយករដ្ឋមន្រ្តីវៀតណាម ដោយបញ្ជាក់ថា ថវិកានេះនឹងត្រូវប្រើសម្រាប់លើកកម្ពស់ផ្លូវរថភ្លើងចំនួន៧ខ្សែ មានប្រវែងសរុប ២ ៤០០ គីឡូម៉ែត្រ និងដើម្បីកសាងផ្លូវរថភ្លើង៩ខ្សែ ផ្សេងទៀត ដែលមានប្រវែងប្រហាក់ប្រហែលគ្នា។
ជាមួយនឹងផែនការនេះ អាជ្ញាធរវៀតណាម រំពឹងថា នឹងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក និងភ្ជាប់ការដឹកជញ្ជូនកាន់តែប្រសើរជាមួយប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសជិតខាង។
គួរបញ្ជាក់ថា អាជ្ញាធរវៀតណាម ផ្តោតសំខាន់ទៅលើផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីភាគខាងជើង និងខាងត្បូង។ ផែនការនេះ ក៏ផ្តោតផងដែរលើការអភិឌ្ឍផ្លូវរថភ្លើង តភ្ជាប់ទៅនឹងតំបន់កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងទីក្រុងធំៗ។
ទន្ទឹមនឹងនេះ អាជ្ញាធរវៀតណាម ក៏បានបើកភ្លើងខៀវដល់ក្រុមហ៊ុនបរទេសធំៗ ឱ្យចូលរួមវិនិយោគលើវិស័យដឹកជញ្ជូនតាមរថភ្លើង ដោយចង់ឃើញការអភិវឌ្ឍផ្លូវភ្លើងវៀតណាមកាន់តែទំនើប។

