សណ្ឋាគារថៃចេញលិខិតសូមទោសក្រោយចម្លងយករចនាបទខ្មែរអង្គរទៅប្រើតុបតែងសណ្ឋាគារ
ម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានចេញលិខិតសូមអភ័យទោស លើករណីដែលសណ្ឋាគារបានប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរអង្គរ មកតែងលម្អសណ្ឋាគារ និងភោជនីយដ្ឋាន។
លិខិតចេញដោយម្ចាស់សណ្ឋាគារ Le Palais Hotel កាលពីថ្ងៃទី ០៤ តុលា នេះបានសរសេរថា៖ «យើងសូមអភ័យទោស និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការរចនាសណ្ឋាគារចេញពីរចនាបទខ្មែរ ដែលបង្កឱ្យមានការមិនពេញចិត្តពីប្រជាជនកម្ពុជាជាច្រើន។»
លិខិតនេះបានបន្តថា៖ «យើងបានសាងសង់សណ្ឋាគារនេះឡើង ក្នុងគោលគំនិតកោតសរសើរ គោរពស្រឡាញ់ ចំពោះសិល្បៈដ៏អស្ចារ្យនេះ។ ការស្ថាបនាការតុបតែងនៅទីនេះធ្វើឡើង ដោយទឹកដៃ និងបេះដូងរួមគ្នារវាង ក្រុមការងារថៃ និងកម្ពុជា។ ទោះយ៉ាងណាក្ដី ភាពអស្ចារ្យពិតប្រាកដនៅតែស្ថិតលើប្រាសាទអង្គរវត្តរបស់កម្ពុជាដដែល ហើយគ្មានអ្វីប្រៀបធៀបបានឡើយ»។
សេចក្ដីប្រកាសនេះធ្វើឡើងក្រោយពេល ដែលមានការរិះគន់ជាច្រើនពីសំណាក់ប្រជាជនកម្ពុជា និងស្នើរឲ្យមានវិធានការជាបន្ទាន់ចំពោះករណីនេះ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់កាសែត Phnom Penh Post កាលពីថ្ងៃទី ០៥ តុលា ថា សណ្ឋាគារនេះប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរចំនួន ៣ គឺ ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។


