សភាពាណិជ្ជកម្មកំពុងចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគដើម្បីទាក់ទាញវិនិយោគិនក្រៅស្រុក

សភាពាណិជ្ជកម្មកម្ពុជា កំពុងធ្វើការយ៉ាងសកម្មចងក្រងសៀវភាវមគ្គុទ្ទេសក៍វិនិយោគ សម្រាប់បណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីប្រើប្រាស់ជាឯកសារផ្សព្វផ្សាយបង្ហាញពីសក្ដានុពលរបស់ខេត្តក្រុងទាំងនោះទៅកាន់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ពោលគឺដើម្បីស្រូបយកការវិនិយោគពីក្រៅស្រុកឬ FDI ឱ្យបានច្រើនជាងមុន។

បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធកំពុងផ្ដោតលើការរកធាតុចូលដាក់ទៅក្នុងសៀវភៅមគ្គុទេ្ទសក៍វិនិយោគ សម្រាប់ខេត្ត២ គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

បើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាបជាមួយសភាពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ សៀវភៅនេះធ្វើឡើងក្នុងគោលបំណងដើម្បីទុកជាឯកសារគោលសម្រាប់វិនិយោគិន និងធុរជនទាំងក្នុង និងក្រៅប្រទេសបានសិក្សាស្រាវជ្រាវអំពីវិស័យសក្តានុពល ក៏ដូចជាស្វែងរកដៃគូវិនិយោគផងដែរ។

ការចងក្រងនឹងត្រូវធ្វើឡើងជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដែលនឹងអាចប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហ៊ុយ ភៀវ បានឱ្យដឹងថា៖ «ការចងក្រងឯកសារឬទិន្នន័យជាក់លាក់អំពីសក្តានុពលខេត្តនីមួយៗ ហាក់នៅមានចំនួនតិចនៅឡើយ ហើយជួនកាល យើងពិបាកស្វែងរកព័ត៌មានទាំងអស់នោះដែរ។ ដូច្នេះសៀវភៅនេះ នឹងដើរតួយ៉ាងសំខាន់ និងជាជំហានថ្មីមួយធ្វើឱ្យអ្នកវិនិយោគបានដឹងអំពីសក្តានុពលរបស់ខេត្តនីមួយៗនៅកម្ពុជា»។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍វិនិយោគពិភពលោកឆ្នាំ ២០២០ របស់ UNCTAD ប្រទេសកម្ពុជាមានទំហំវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតក្នុងឆ្នាំ ២០១៩ ពោលគឺដល់ទៅ ៣,៧ ពាន់លានដុល្លារអាមេរិក។ តួលេខនេះ កើនឡើងប្រមាណ ១៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលមានទំហំ ៣,២ពាន់លានដុល្លារ។

ក្នុងនោះវិស័យសំណង់ គឺវិស័យដែលទាក់ទាញការវិនិយោគច្រើនជាងគេបំផុត ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មវាយនភណ្ឌ កសិកម្ម និងទេសចរណ៍ គឺជាវិស័យបន្ទាប់។

- Video Advertisement -