សភាអាមេរិក ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តការលើស័យពាណិជកម្ម និងវិនិយោគជាមួយកម្ពុជាបន្ថែមទៀត

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងអន្តរជាតិ សភាសហរដ្ឋអាមេរិកបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា។ ការប្តេជ្ញាចិត្តនេះ ត្រូវបានគូសបញ្ជាក់ក្នុងជំនួបនាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងសមាជិកសភាលោកស្រី Beth Van Duyne មកពីរដ្ឋតិចសាស់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកស្រី Beth Van Duyne បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកស្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេសផងដែរ។

ជាមួយគ្នានេះ លោកស្រី ក៏ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ ខណៈតំណាងសភាអាមេរិករូបនេះ ក៏បានប្ដេជ្ញាចិត្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ស្វាគមន៍សភាអាមេរិក និងថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ សម្ដេច ក៏រំលេចពីគោលនយោបាយសំខាន់ៗរបស់កម្ពុជា ដូចជា៖ សម្រួលនីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យ មានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

គួររំលឹកថា ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនេះ ក៏ត្រូវបានលើកឡើងដោយលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ម្តងរួចមកហើយ។ (អានបន្ថែម) 

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងបណ្តាប្រទេសដែលជាដៃគូនាំចេញ នាំចូល សម្រេចបានជាង ២៥ពាន់លានដុល្លារ កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជា បានសម្រេចទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកសម្រេចបាន ៤.៤លានដុល្លារ កើនឡើង ២៧%៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]