សមាគមធំៗពីររួមគ្នាជំរុញនិងលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា

កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាកំពុងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានឆ្លុះបញ្ចំងតាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស ហើយក្នុងនោះផងដែរ ការវាយតម្លៃអចលនទ្រព្យគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តភាព។ នេះបើយោងតាមការយល់ឃើញរបស់សមាគមធំៗចំនួនពីរ។

កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំរបស់សមាគមអ្នកសាងសង់កម្ពុជាអ្នកឧកញ៉ា ពុង ឃាវ សែ បានជួបពិភាក្សាជាមួយប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារ អចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម អំពីឱកាសបង្កើតកិច្ចសហការរវាងសមាគមទាំងពីរនាពេលអនាគត ដែលក្នុងនោះជំហានដំបូង សមាគមទាំងពីរបានឯកភាពរួមគ្នាធ្វើយ៉ាងណាជំរុញការវាយតម្លៃអចលនទ្រព្យប្រកបដោយនិរន្តភាព។

អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ថាកំរៃសេវាសម្រាប់ការវាយតម្លៃអចលនទ្រព្យមួយឆ្នាំៗគឺមានតម្លៃពីចន្លោះ ១ ទៅ ២ លានដុល្លារអាមេរិកដែលនេះគឺចាំបាច់ណាស់ដែលយើងត្រូវមានការវាយតម្លៃអចលនទ្រព្យមួយដែលត្រឹមត្រូវ។

«យើងមានការប្រកួតប្រជែងខ្លាំង បើយើងធ្វើមិនបានល្អទេ គេក៏មិនទុកចិត្តដែរ ឬ ម្យ៉ាងទៀតបើការវាយតម្លៃមិនត្រឹមត្រូវតាមតម្លៃទីផ្សារក៏គេមិនយកយើងដែរ» អ្នកឧកញ៉ា បានមានប្រសាសន៍។

ទន្ទឹមនឹងនេះដែរ លោក ច្រឹក សុខនីម ក៏បានមើលឃើញពីសារៈសំខាន់នៃបញ្ហាខាងលើដែរ ដែលក្នុងនោះលោកបានឲ្យដឹងថា៖«ខ្ញុំមើលឃើញអំពីបញ្ហាការវាយតម្លៃនេះជាកង្វល់យូរមកហើយ យើងចង់ធ្វើឲ្យការវាយតម្លៃប្រកបដោយនិរន្តភាពនិងប្រកបដោយភាពជឿជាក់បាន»។

ជាមួយនឹងបញ្ហាទាំងនេះ អ្នកឧកញ៉ា ពុង ឃាវ សែក៏បានឲ្យដឹងទៀតថា ភាពស្មោះត្រង់ និងការវាយតម្លៃដោយត្រឹមត្រូវនិងឯករាជ្យភាព គឺជាចំណុចសំខាន់ដែលនឹងធ្វើឲ្យវិនិយោគិននិងអ្នកទិញអចលនទ្រព្យកាន់តែមានទំនុកចិត្ត។

ទន្ទឹមនឹងមានការឯកភាពជាមួយអ្នកឧកញ៉ា ពុង ឃាវ លោក មាស ព្រឹក្សា តំណាងក្រុមហ៊ុន លី ឈួង សំណង់ និងជានាយកនិពន្ធទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ដែលមានការគាំទ្រដោយសមាគមអ្នកសាងសង់កម្ពុជាបានឲ្យដឹងដែរថា ដើម្បីទទួលបានការជឿទុកចិត្តពីអតិថិជនកាន់តែប្រសើរឡើង វាមានភាពចាំបាច់ណាស់ដែលសមាគមត្រូវដើរតួនាទីលើចំណុចមួយៗឲ្យបានច្បាស់លាស់។

«ដូចអ្នកឧកញ៉ាមានប្រសាសន៍អញ្ចឹង ការរកស៊ី បើយើងជាអ្នកវាយតម្លៃយើងមិនអាចធ្វើជាអ្នកអចលនទ្រព្យនោះទេ អញ្ចឹងវាត្រូវការមានមុំបីសំខាន់ៗ[សមាគមសំខាន់ទាំងបី] ហើយបែកចែកការងារគ្នាឲ្យបានច្បាស់លាស់»។

សមាគមសំខាន់ៗទាំងនោះរួមមាន៖ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងទីបីគឺសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលគាំទ្រគ្នាទៅវិញទៅមកក្នុងគោលបំណងជម្រុញការអភិវឌ្ឍនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ។

- Video Advertisement -