សមាគមសមា្ភរតុបតែងសំណង់ចិនស្វែងរកឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា

សមាគមសមា្ភរតុបតែងសំណង់ចិនកាលពីថ្ងៃទី ១២ ខែ កញ្ញា បានជួបជាមួយសមាគមអ្នកសាងសង់កម្ពុជានៅឯអគារកាណាឌីយ៉ា ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាអំពីទីផ្សារសំណង់នៅកម្ពុជា។

សមាគមសមា្ភរតុបតែងសំណង់ចិន គឺជាសមាគមផ្នែកសម្ភារៈសំណង់ ដូចជា ការ៉ូ អាលុយមីញ៉ូម និងការតុបតែង ក្នុងតំបន់ជឺចៀងនៃខេត្តស៊ីឈួន ហើយតំបន់ជឺចៀងនេះទៀតសោត គឺឈរនៅលំដាប់ទីមួយផ្នែកសម្ភារៈសំណង់នៅទូទាំងប្រទេសចិន។

លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ក្រោយកិច្ចប្រជុំថា សមាគមអ្នកសាងសង់កម្ពុជាបង្ហាញពីសម្ភារៈដែលសំណង់កម្ពុជាកំពុងត្រូវការច្រើន ជាពិសេសគឺមកពីប្រទេសចិន ស្របពេលដែលសំណង់ជាច្រើនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។

លោក ឧកញ៉ា ហាន់ ឃៀង បានមានប្រសាសន៍ថា៖ «គាត់ចង់មកសួរយោបល់ពីសមាគមរបស់យើង តើគាត់ចង់ចូលមកទីផ្សាររបស់យើង គាត់ត្រូវធ្វើរបៀបម៉េច។ ខ្ញុំក៏បានឲ្យយោបល់ដល់គាត់មកបើកជា supermarket [ផ្សារទំនើប] សម្ភារៈសំណង់ ខ្ញុំជឿថាអាចលក់ទៅបាន»។

តាមការបញ្ជាក់បន្ថែមរបស់លោក ឧកញ៉ា បើទោះបី កម្ពុជាមានទីផ្សារតូចក៏ពិតមែន តែការវិនិយោគលើផ្សារទំនើបសម្ភារៈសំណង់នាពេលនេះ គឺជាពេលវេលាល្អបំផុត ដោយសារថាសំណង់គឺមានច្រើន ហើយបច្ចុប្បន្ន ការសាងសង់គឺសម្រាប់ជួលទៅឲ្យក្រុមហ៊ុនចិន និងលក់ទៅឲ្យក្រុមហ៊ុនចិន។

លោក ឧកញ៉ាថ្លែងថា៖ «គាត់ចង់ឲ្យយើងជួយរកទីតាំងឲ្យគាត់ លើកទីមួយមក ធម្មតា មិនអាចជោគជ័យភ្លាមៗទេ។ បើពិតមែនមានបំណងចង់មកធ្វើ អាចមាន [កិច្ចប្រជុំ] ពីរបីដង ព្រោះ ជាពិសេស គឺទីតាំងយើងត្រូវមកមើលឲ្យបានច្បាស់លាស់»។

លោក ឧកញ៉ា បានបន្តថា ការមកបើករោងចក្រមកស្រុកខ្មែរ គឺជារឿងមួយដែលល្អ ព្រោះយើងមានករណីពិសេសមិនបាច់បង់ពន្ធ ហើយអាចបញ្ជូនទៅលក់ដល់ប្រទេសអឺរ៉ុប និងអាមេរិក ដែលបច្ចុប្បន្នកំពុងមានតម្រូវការ។

- Video Advertisement -