សមាគមអ្នកសាងសង់កម្ពុជារៀបចំកម្មវិធីជប់លៀងបណ្តាញសមាជិកលើកទី៨
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំពិធីជប់លៀងបណ្តាញអាជីវកម្មលើកទី៨ របស់ខ្លួននៅដើមខែធ្នូ ក្នុងគោលបំណងរួមដើម្បីពង្រឹងទំនាក់ទំនងអាជីវកម្មក្នុងចំណោមសមាជិករបស់ខ្លួន ដែលពិធីនេះមានការចូលរួមពីនាយកប្រតិបត្តិក្នុងស្រុកនិងអន្តរជាតិជាង ៣០០នាក់ មកពីក្រុមហ៊ុនសមាជិកចំនួន ១៣១ និងភ្ញៀវកិត្តិយសផ្សេងទៀត។
សមាគម CCA បានរៀបចំដោយជោគជ័យនូវពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ រយៈពេល៣ថ្ងៃ ក្នុងខែធ្នូ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័ណ៌កោះពេជ្រ ហើយក្នុងនោះពិធីជប់លៀងបណ្តាញអាជីវកម្មរបស់សមាជិកត្រូវបានរៀបចំនៅថ្ងៃទី២ នៃការតាំងពិព័ណ៌នេះ។

កម្មវិធីនេះមានការចូលរួមពីស្ថាប័នអ្នកសាងសង់ល្បីៗរួមមាន សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) សមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) និងក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន (CABC) ។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់ពួកគេដើម្បីភ្ជាប់បណ្តាញទំនាក់ទំនងដោយផ្ទាល់ជាមួយសមាជិករបស់ CCA និងអ្នកតាំងពិព័ណ៌នៅក្នុងបរិយាកាសមិត្តភាព។

ការជួបជុំនេះបានផ្តល់ឱកាសដល់សមាជិកសមាគមទាំងអស់ដែលជាអ្នកអភិវឌ្ឍន៍ អ្នកម៉ៅការសាងសង់ អ្នកវិនិយោគ អ្នកផ្គត់ផ្គង់និងអ្នកចែកចាយសម្ភារពាក់ព័ន្ធនឹងការសាងសង់ ដើម្បីជួប ពិភាក្សានិងស្វែងរកភាពជាដៃគូអាជីវកម្ម។
CCA ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែតុលា ឆ្នាំ២០១១។ មិនយូរប៉ុន្មានក្រោយពីការបង្កើត សមាគម CCA បានចូលរួមជាសមាជិកសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ដែលតំណាងឱ្យអ្នកម៉ៅការសាងសង់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចាប់តាំងពីការចាប់ផ្តើមមក CCA ក្នុងនាមជាសមាគមគ្រប់គ្រងដោយឯកជនមានសមាជិកកើនឡើងពីចំនួន២៣ ក្នុងឆ្នាំ២០១២ មកចំនួន ៥០ ក្នុងឆ្នាំ២០១៣ ចំនួន៨០ ក្នុងឆ្នាំ២០១៤ ចំនួន១១០ ក្នុងឆ្នាំ២០១៥ និងចំនួន១២០ ក្នុងឆ្នាំ២០១៦ ហើយឥឡូវនេះសមាជិកកើនដល់ចំនួន១៣១។ សមាជិក CCA រួមមានក្រុមហ៊ុនម៉ៅការសាងសង់ក្នុងស្រុកនិងអន្តរជាតិ ក្រុមហ៊ុនអភិវឌ្ឍន៍ អ្នកផ្គត់ផ្គង់សម្ភារសំណង់ ក្រុមហ៊ុនទិញលក់អចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។
ថ្លែងក្នុងនាមតំណាងប្រធាន CCA នៅក្នុងពិធីជប់លៀងបណ្តាញសមាជិក ឧកញ៉ា ហាន គាង អនុប្រធានទី១ នៃ CCA បានប្តេជ្ញាចិត្តនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់សមាជិក CCA តាមរយៈការផ្តួចផ្តើមផ្សេងៗក្រៅពីពិព័ណ៌ប្រចាំឆ្នាំ សិក្ខាសាលា និងពិធីជប់លៀងបណ្តាញអាជីវកម្ម។
លោកបានមានប្រសាសន៍ថា “យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរក និងផ្តល់ជូននូវអត្ថប្រយោជន៍ដល់សមាជិកទាំងអស់ តាមមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនជាសមាជិក ហើយជាពិសេសរៀបចំកម្មវិធីពិព័ណ៌ពាណិជ្ជកម្មប្រចាំឆ្នាំ និងកម្មវិធីបណ្តាញអាជីវកម្ម។”
យោងតាមការប្រកាសរបស់លោក សមាគមមានគម្រោងរៀបចំដំណើរកម្សាន្តធុរកិច្ចដើម្បីនាំសមាជិកទៅទស្សនកិច្ចគម្រោងនៅប្រទេសផ្សេងទៀតដែលសមាគមបានសហការជាមួយ។ លោកបានបន្ថែមថា “សកម្មភាពនិងកិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្ហាញពីគោលបំណងតែមួយរបស់យើងក្នុងការស្វែងរកផលប្រយោជន៍សម្រាប់សមាជិកទាំងអស់តាមមធ្យោបាយដែលអាចធ្វើទៅបាន”។ឧកញ៉ា ហាន គាង បានអំពាវនាវដល់សមាជិកទាំងអស់ឱ្យពង្រឹងចំណងទំនាក់ទំនងដើម្បីជួយអភិវឌ្ឍន៍ឧស្សាហកម្ម។ លោកក៏បានបង្ហាញក្តីប្រាថ្នារបស់លោកដែលចង់ឃើញក្រុមហ៊ុនពាក់ព័ន្ធនឹងសំណង់កាន់តែច្រើនឡើងចុះឈ្មោះចូលជាសមាជិកតាមរយៈបំណងប្រាថ្នារួមគ្នាដើម្បីលើកស្ទួយឧស្សាហកម្មសំណង់របស់ប្រទេសផងដែរ។

