សមាគមអ្នកសាងសង់កម្ពុជាបានរៀបចំសិក្ខាសាលាអប់រំសុវត្ថិភាពក្នុងការដ្ឋានសំណង់

កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសហការជាមួយសមាគមអ្នកសាងសង់កម្ពុជារៀបចំនូវសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាពក្នុងការដ្ឋានសំណង់ និងដើម្បីអប់រំដល់តំណាងក្រុមហ៊ុនសំណង់ទាំងអស់អំពីការការពារសុវត្ថិភាពរបស់ជាងសំណង់។

សិក្ខាសាលាក៏បានទទួលការចួលជាអធិបតីភាពពីសំណាក់ ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនិយកម្ម ក៏ដូចជាតំណាងក្រុមហ៊ុនសំណង់ប្រមាណជាង ២០០ រូប។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយសៀវភៅសុវត្ថិភាពក្នុងការដ្ឋានសំណង់ទៅដល់តំណាងក្រុមហ៊ុនសំណង់ ព្រមទាំងអប់រំពួកគាត់អោយទទួលបាននូវចំណេះដឹងទូទៅដែលទាក់ទង់នឹងបទបញ្ញត្តិជាមូលដ្ឋានផ្សេងៗក្នុងវិស័យសំណង់។

ឯកឧត្តម ឡៅ ទិព្វសីហា បានថ្លែងអោយដឹងថា ៖ “សៀវភៅនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ជាពិសេសសម្រាប់ជាងសំណង់ដោយផ្ទាល់ ពោលគឺដើម្បីទប់ស្កាត់ និងការពារនូវគ្រោះថ្នាក់ផ្សេងៗកុំអោយកើតមានឡើង”។

“នៅដំណាក់កាលនេះយើងនឹងធ្វើការផ្សព្វផ្សាយទៅទូទាំង២៥ ខេត្តក្រុងជាមុនសិន ដើម្បីអោយក្រុមហ៊ុនសំណង់និងវិស័យដែលពាក់ព័ន្ធទាំងអស់ បានជ្រាបជាព័ត៌មាន។ បន្ទាប់មក នៅបំណាច់ឆ្នាំនេះយើងនឹងចាប់ផ្តើមចុះត្រួតពិនិត្យទៅតាមការដ្ឋានសាងសង់ប្រសិនបើកន្លែងណាដែលមិនគោរពតាមវិធានការសុវត្ថិភាពណាមួយ ពួកគេនឹងត្រូវពិន័យ។ ករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺយើងនឹងបញ្ជាឱ្យបិទការដ្ឋានតែម្ដង” ឯកឧត្តមបានបន្ត ។

សៀវភៅសុវត្ថិភាពនេះនឹងបោះពុម្ធចំនួន ១០.០០០ច្បាប់ ដែល ៨.០០០ច្បាប់បានបោះពុម្ធរូច ក្នុងនោះ ៥០០០ច្បាប់គឺទទួលបានការឧបត្ថមដោយសមាគមអ្នកសាងសង់កម្ពុជា និង ៣០០០ច្បាប់ទៀតឧបត្ថមដោយធនាគារកាណាឌីយ៉ា។

- Video Advertisement -