សមាគមអ្នកសាងសង់កម្ពុជាអំពាវនាវឱ្យអន្តរជាតិវិនិយោគបន្ថែមនៅកម្ពុជា

សមាគមអ្នកសាងសង់កម្ពុជាបានអំពាវនាវដល់ភាគីពាក់ព័ន្ធអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀតក្នុងឱកាសចួលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី ៤៥នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារ Shringi-la at the Fort កាលពីថ្ងៃទី ៩ ខែមីនា កន្លងមកនេះ ដោយមានសមាជិកមកពីបណ្តាប្រទេសអាស៊ានជាច្រើបបានចូលរួម ក្នុងគោលបំណងដើម្បីពិភាក្សាពីវឌ្ឍនភាពឆ្ពោះទៅកាន់ការសម្រេចបាននូវស្តង់ដារសំណង់សម្រាប់អាស៊ានទាំងមូល។

ចំណុចសំខាន់នៃកិច្ចប្រជុំលើកទី ៤៥ នេះរួមមាន ការពិភាក្សាទាក់ទងទៅនឹង ASEAN Construction Standard Trade Skills Training (ACSTST) ឬ កម្មវិធីបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មស្តង់ដារសំណង់អាស៊ាន ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញរបស់សហព័ន្ធACF ការពិភាក្សាទាក់ទងនឹងសៀវភៅណែនាំពីនីតិវិធីស្តង់ដារសម្រាប់ប្រទេសដែលជាម្ចាស់ផ្ទះ ការធ្វើបច្ចុប្បន្នភាពលើគេហទំព័ររបស់សហព័ន្ធACF និងការដាក់ផែនការលើគម្រោងរៀបចំសន្និសិទរបស់ACF នាពេលខាងមុខ។

ប្រធានបទអាទិភាពសម្រាប់កិច្ចប្រជុំលើកទី ៤៥ គឺកម្មវិធី ACSTST ដែលជាកម្មវិធីមួយធ្វើឡើងក្នុងគោលដៅបង្កើតនូវស្តង់ដាតែមួយសម្រាប់កម្មករសំណង់នៅទូទាំងអាស៊ាន។ ដោយសារតែកិច្ចប្រជុំកាលពីឆ្នាំមុនពុំទាន់បានសរុបនិងសម្រេចលើប្រធានបទនេះនៅឡើយ ដូច្នេះក្នុងកិច្ចប្រជុំលើកទី ៤៥ នេះសមាជិកទាំងអស់ក៏បានលើកយកបញ្ហានេះមកពិភាក្សាឡើងវិញម្តងទៀត។

ក្រៅពីបញ្ហាសំខាន់ៗសមាជិកនីមួយៗក៏មានឱកាសឡើងធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំដែលទាក់ទងនឹងវឌ្ឍនភាពនៃឧស្សាហកម្មសំណង់នៅក្នុងប្រទេសរបស់ពួកគេផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សមាគមអ្នកសាងសង់កម្ពុជាក៏បានជំរុញនិងអំពាវនាវដល់អ្នកវិនិយោគអន្តរជាតិអោយមានទំនុកចិត្តនិងវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មសំណង់កម្ពុជា ព្រោះថាវិស័យនេះកំពុងនិងបន្តរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហាញចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលកើនឡើង ២២,៣១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។

ប្រទេសកម្ពុជាមានសេដ្ឋកិច្ចបើកទូលាយសម្រាប់អ្នកវិនិយោគិនគ្រប់រូបមិនថាក្នុងឬក្រៅប្រទេស និងជាប្រទេសមួយដែលកំណត់ពន្ធសាជីវកម្មត្រឹមតែ ២០ ភាគរយប៉ុណ្ណោះទេ រួមជាមួយនឹងការលើកលែងពន្ធចំពោះការនាំចូលទំនិញដូចជាម៉ាស៊ីនគ្រឿងចក្រ សម្ភារៈសំណង់ ព្រមទាំងធនធានផលិតកម្មផ្សេងៗទៀងផងដែរ។

ជាមួយគ្នានេះដែរ សេដ្ឋកិច្ចប្រទេសកម្ពុជាក៏កំពុងតែលូតលាស់ ដោយអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ ៧,៧ ភាគរយដែលអាចចាត់ទុកថាជាការកើនឡើងលឿនឋិតនៅលំដាប់ទី ៦ លើពិភពលោកក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។ ទាំងនេះគឺភស្តុតាងនិងជាកត្តាជំរុញដល់អ្នកវិនិយោគិនបរទេសក្នុងការសម្រេចចិត្តមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង នេះបើយោងតាមការធ្វើបទបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជានៅក្នុងកិច្ចប្រជុំ។

រហូតមកដល់បច្ចុប្បន្ន ACF មានសមាជិកសមាគមសាងសង់ចំនួន ៨ ដែលតំណាងឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាងសង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមមាន សមាគមអ្នកងសង់កម្ពុជា (CCA) សមាគមអ្នកម៉ៅការសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមអ្នកសាងសង់ជំនាញម៉ាឡេស៊ី (MBAM)សមាគមអ្នកម៉ៅការសាងសង់ហ្វីលីពីន (PCA) សមាគមអ្នកម៉ៅការសាងសង់សឹង្ហបុរីលីមីតធីត (SCAL) សមាគមអ្នកម៉ៅការសាងសង់ថៃ (TCA) សមាគមអ្នកម៉ៅការសាងសង់វៀតណាម (VACC) និងសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA)។

- Video Advertisement -