សមាគមអ្នកសាងសង់កម្ពុជាពិភាក្សាបច្ចុប្បន្នភាពវិស័យសំណង់ក្នុងកិច្ចប្រជុំវីដេអូជាមួយIFAWPCA
សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់សមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិចឬហៅកាត់ថា (IFAWPCA) តាមរយ:វីដេអូតាមប្រពន្ធ័អ៊ីនធឺណេត ដែលបានធ្វើឡើងកាលពីចុងខែ មិថុនា កន្លងទៅនេះ ដើម្បីពិភាក្សាបច្ចុប្បន្នភាពវិស័យសំណង់នៅកម្ពុជា ក៏ដូចជាផ្លាស់ប្តូរយោបល់គ្នាពីវិធីបត់បែនខ្លួនក្នុងវិបត្តិកូវីដ ។
កិច្ចប្រជុំនេះ អនុញ្ញាតឱ្យសមាជិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងឧស្សាហកម្មសំណង់ជាមួយសមាជិកដទៃទៀតនៃ IFAWPCA ដោយនៅឆ្នាំនេះ IFAWPCA ផ្ដោតទៅលើការពិភាក្សាអំពីស្ថានភាពជំងឺកូវីដនាពេលបច្ចុប្បន្ន។
កិច្ចពិភាក្សានេះ ក៏ពិនិត្យមើលផងដែរអំពីរបៀបដែលសហព័ន្ធអាចសហការរួមគ្នាដើម្បីជួយប្រទេសជាសមាជិក IFAWPCA ក្នុងការគ្រប់គ្រងកិច្ចសន្យា FIDIC ឱ្យកាន់តែប្រសើរឡើង ការផ្លាស់ប្តូរកិច្ចសន្យា FIDIC ដែលអាចធ្វើទៅបានក្នុងស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ ដ៏ដូចជាចែករំលែកជំនាញបច្ចេកទេស។
កាលពីឆ្នាំមុន លោកបណ្ឌិត តាន់មុនីវណ្ណ តំណាងសមាគមអ្នកសាងសង់កម្ពុជា ដែលដឹកនាំដោយ អ្នកឧកញ៉ា ពុង ឃាវ សែបានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ IFAWPCA នៅប្រទេសប៊ូតង់។
គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមជាសមាជិក IFAWAPCA កាលពីថ្ងៃទី ៦ ខែកុម្ភះឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពាក់កណ្តាល IFAWPCA ។
IFAWPCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍វិស័យសំណង់ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៩ នាក់។

