សមាគមអ្នកសាងសង់កម្ពុជា ស្នើឱ្យរដ្ឋកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសុំសិទ្ធិសាងសង់

សមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងមិនចាំបាច់មួយចំនួនក្នុងការសុំសិទ្ធិសាងសង់ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មី ក៏ដូចជាជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗមួយចំនួន កាលពីព្រឹកថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។

កិច្ចប្រជុំនេះធ្វើឡើងក្រោយ ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ កម្ពុជាស្ថិតនៅលំដាប់ទី ១៧៨ ពោលគឺការស្នើសុំគឺមានភាពស្មុគស្មាញខ្លាំងពេក បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។

របាយការណ៍នេះ ក៏បានឱ្យដឹងទៀតថា នីតិវិធីស្នើសុំសិទ្ធិសាងសង់នៅកម្ពុជាមានរហូតដល់ទៅ ២០ដំណាក់កាល ដោយនឹងត្រូវចំណាយពេលសរុប ៦៥២ថ្ងៃ (ជិត ២ឆ្នាំ) និងចំណាយថវិកាជាមធ្យមជាង ៨ លានរៀល ដែលនេះគឺរាប់តែចំណាយផ្លូវការតែប៉ុណ្ណោះ។

ជាការឆ្លើយតប តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់ បានឱ្យដឹងថា របាយការណ៍របស់ធនាគារពិភពលោក គឺអាចមិនមានតម្លាភាពទាំងស្រុងទេ ដោយសារការប្រមូលទិន្នន័យអាចនឹងមានភាពលម្អៀង។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី សមាគម និងក្រសួង នឹងសហការយ៉ាងស្អិតរមួតក្នុងការធ្វើឱ្យលំដាប់ថ្នាក់នេះប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ៗ។

លោក ឆាស៍ វ៉ាន់ មានប្រសាសន៍ថា៖ ការប្រមូលទិន្នន័យរបស់ធនាគារពិភពលោក អាចនៅមានកម្រិត ជាក់ស្ដែងសមាគមមិនធ្លាប់បានទទួលការស្រង់មតិនេះឡើយ។ ដូច្នេះ គិតថាកម្ពុជាមិននៅកម្រិតទាបដល់ថ្នាក់នេះទេ។

យើងត្រូវទទួលស្គាល់ថាយើងមាននីតិវិធីច្រើនដំណាក់កាលពិតមែន តែមិនយូរដល់ជាង ៦០០ ថ្ងៃទេ។ ទោះជាយ៉ាងក្ដី រដ្ឋគួរតែជួយកាត់ដំណាក់កាលណាដែលមិនចាំបាច់ ឬ រួមបញ្ចូលដំណាក់កាលដែលដូចៗគ្នា តាមរយៈច្រកចេញចូលតែមួយជាដើម ដើម្បីជាការជួយសម្រួលដល់អ្នកវិនិយោគថ្មីៗ។

លោក ឆាស៍ វ៉ាន់ បានឱ្យជាមតិថា កម្ពុជាគួរតែរៀនសូត្រពីប្រទេសជិតខាង ជាពិសេសក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះដែរលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា ក៏បានឱ្យដឹងថា ច្បាប់សំណង់ថ្មីដែលបានចេញកាលពីឆ្នាំ ២០១៩ កន្លងមកនេះ បានរួមចំណែកជួយសម្រួលដោះស្រាយភាពស្មុគស្មាញមួយចំនួនផងដែរ។

«ទិន្នន័យដែលធនាគារពិភពលោកគឺចាស់ហើយ បើតាមច្បាប់ រយៈពេលចេញលិខិតអនុញ្ញាតឱ្យសាងសង់គឺត្រឹមតែ ៤៥ថ្ងៃទេ ហើយបើសិងរងចាំ ៤៥ថ្ងៃ មិនទាន់អនុញ្ញាតឱ្យទៀត អ្នកអភិវឌ្ឍគឺអាចសាងសង់បានតែម្តង។ ដូច្នេះ ចង់ឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដី សហការគ្នា ហើយជម្រាបជូនទៅ World Bank ថាការសុំគឺមិនយូរដល់រាប់រយថ្ងៃនោះទេ»។

ឯកឧត្តម ហួត ពុំ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា៖ «ជំនួបជាមួយសមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់នេះ គឺជាការប្រមូលធាតុចូលដ៏សំខាន់មួយក្នុងដោះស្រាយបញ្ហាប្រឈមមួយនេះ។ ការសហការជាមួយឯកជននេះ នឹងជួយស្ដារចំណាត់ថ្នាក់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យប្រសើរឡើងវិញ។

- Video Advertisement -