សមាគមអ្នកសាងសង់កម្ពុជានឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅខែធ្នូខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ ក្នុងគោលបំណងជួយជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យសំណង់ បន្ទាប់ពីធ្លាក់ចុះមួយរយៈ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ១៩។
ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅឯសណ្ឋាគារ Dara Airport ដែលនឹងចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិកូវីដ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាជិតកន្លះឆ្នាំ»។
“សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានធ្វើការងារយ៉ាងម្មត់ចត់ក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលឥឡូវនេះគឺយើងអាចរៀបចំកម្មវិធីតូចៗដូច្នេះបានហើយ។ កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់» លោកបានបន្ត។
គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត២០០ ក្រុមហ៊ុន ។
ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។
ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះគឺត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ។(អានបន្ថែម)
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះសូមទាក់ទងCCA ទូរស័ព្ទ៖ +៨៥៥ ៩៦ ៥៨១ ១៨៦១ អ៊ីមែល៖ ccaforeignaffairs@gmail.com

