សមាគមអ្នកសាងសង់កម្ពុជាបន្តសហការជាមួយដៃគូអន្តរជាតិ ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី

សមាគមអ្នកសាងសង់កម្ពុជានៅតែបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិក្នុងសម័យកូវីដ ដោយនៅតែចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។

កាលពីថ្ងៃទី ១០ ខែធ្នូ លោក ឆាល វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានចូលរួមការប្រជុំក្រុមប្រឹក្សា IFAWPCA លើកទី ២តាមប្រព័ន្ធអ៊ិនធឺរណែត ។ កិច្ចប្រជុំនេះ បានពិភក្សាទាក់ទងទៅនឹងដំណើរការរបស់ IFAWPCA ដូចជា របាយការណ៍ហិរញ្ញវត្ថុ និងថវិកាសម្រាប់ឆ្នាំ ២០២១ ក៏ពិចារណាលើកាលបរិច្ឆេទនៃកិច្ចប្រជុំនៅប្រទេសម៉ាល់ឌីវក្នុងឆ្នាំ២០២១ ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី ១១ ខែធ្នូ លោក ឆាល វ៉ាន់ ក៏បានចូលរួមប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ACF ផងដែរ។ កិច្ចប្រជុំ បានពិភាក្សាអំពីស្ថានភាពជំងឺកូវីដ ស្ថានភាពសេដ្ឋកិច្ចនៅអាស៊ាន ទីផ្សារសម្ភារៈសំណង់ និងឱកាសវិនិយោគនៅក្នុងប្រទេសនីមួយៗ។

ឧស្សាហកម្មសំណង់នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសអាស៊ាន សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ក៏ប៉ុន្តែ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ គម្រោងមួយចំនួនធំមិនទាន់បើកការដ្ឋានសាងសង់ទេ ព្រោះអ្នកអភិវឌ្ឍន៍កំពុងរង់ចាំស្ថានភាពជំងឺកូវីដឱ្យប្រសើរជាងមុនសិន។

- Video Advertisement -