សមាគមអ្នកសាងសង់កម្ពុជាប្ដូរយុទ្ធសាស្ដ្រថ្មី ទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងវិស័យសំណង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអនឡាញ មកជួយលើកកម្ពស់សកម្មភាពអាជីវកម្មរបស់សមាជិក ផ្ដល់ចំណេះដឹងដល់សាធារណជន និងពិសេសជួយពង្រឹង និងពង្រីកវិស័យសំណង់នៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សមាគមនៅតែបន្តមានសកម្មភាពតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ ទាំងជាមួយសមាជិក និងសាធារណជន។

លោក ជីវ ស៊ីវផេង មានប្រសាសន៍ថា៖ «ជាក់ស្ដែង កន្លងមកយើងបានរៀបចំ webinars ជាច្រើន ដើម្បីអប់រំសមាជិក និងសាធារណជនស្ដីពីច្បាប់សំណង់ ក៏ដូចជាបទបញ្ញត្តិថ្មីៗក្នុងវិស័យនេះជាច្រើន។ លើសពីនេះ យើងក៏បានរៀបចំកម្មវិធីអនឡាញជាច្រើនផងដែរ ដើម្បីឱ្យសមាជិក និងដៃគូអាជីវកម្មទាំងក្នុងស្រុក និងអន្តរជាតិ បានបង្ហាញផលិតផល ពិភាក្សាឱកាសអាជីវកម្ម និងបង្កើនបណ្តាញជាដើម»។

លោកបន្តថា៖ «ដោយយល់ឃើញថាសកម្មភាពអាជីវកម្មរបស់សមាជិកធ្លាក់ចុះដោយសារតែវិបិត្តកូវីដ យើងបានក៏ជួយពួកគាត់បង្កើតជាវីដេអូណែនាំផលិតផល រួចផ្សព្វទៅលើបណ្ដាញសង្គមដូចជា​ Facebook, Youtube និង Telegram Channel របស់សមាគមជាដើម»។

លោក ជីវ ស៊ីវផេង បន្តទៀតថា គោលនយោបាយថ្មីនេះ មិនត្រឹមតែជាឱកាសឱ្យសមាជិកនីមួយៗ បានជួបពិភាក្សា ចាប់ដៃគូ និងពង្រីកបណ្តាញអាជីវកម្មនោះទេ តែក៏ជាឱកាសឱ្យកម្ពុជាបង្ហាញពីសក្ដានុពលរបស់ខ្លួនទៅកាន់បរទេសដើម្បីទាក់ទាញការវិនិយោគផងដែរ។ ដែរនេះក៏នឹងការជួយជំរុញសេដ្ឋកិច្ច ពិសេសក្នុងវិស័យសំណង់ដោយប្រយោលមួយផ្នែកធំ។

គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជា ជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ក្រុមហ៊ុន។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។

- Video Advertisement -