សម្ដេចហ៊ុន សែន ជំរុញឱ្យប្រទេស G7 មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតាមគម្រោង B3W
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសស្វាគមន៍ និងជំរុញក្រុមប្រទេសអភិវឌ្ឍG7 ឱ្យមកជួយវិនិយោគកសាងហេដ្ឋារចនាសម្ព័នស្ពានថ្នល់នៅកម្ពុជាឱ្យបានច្រើនជាងមុន ពិសេសតាមរយៈផែនការថ្មី Build Back Better World (B3W) ដែលទើបតែដាក់ចេញដោយរដ្ឋាភិបាលអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ។
ការប្រកាសស្វាគមន៍របស់កម្ពុជានាពេលនេះ គឺឆ្លើយតបទៅនឹងការលើកឡើងថា កម្ពុជាពឹងផ្អែកលើតែចិនលើការកសាងហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន នាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំទន្ទឹមរង់ចាំជំនួយពី B3W ហើយសង្ឃឹមថារដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសអ្នកមានទាំង៧ (G7) នឹងផ្តល់ឱកាសឱ្យកម្ពុជាទទួលបានគម្រោងមួយចំនួន»។
សម្តេចតេជោ បន្តថា៖ «យើងមិនបានបដិសេធជាមួយគម្រោងដទៃទៀតដូចជា Build Back Better World នោះទេ ដូច្នេះយើងសូមជូនសារស្វាគមន៍ជានិច្ច កុំឱ្យថាយើងលម្អៀងទៅរកតែចិន»។
សូមបញ្ជាក់ថា ផែនការ Build Back Better World (B3W) គឺជាផែនការច្បាប់ដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មុនពេលចូលកាន់តំណែងរបស់គាត់។ វារួមបញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់ជំនួយសង្គ្រោះ COVID-19 សេវាសង្គម សុខុមាលភាព និងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមពីលើមូលនិធិដែលត្រូវបានបម្រុងទុកសម្រាប់ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។

