សម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។
សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។
សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយបានន័យថា កុំចង់តែចំណេញ ហើយភ្លេចមើលប្រយោជន៍រួមនៃប្រទេសជាតិ ចុងក្រោយមិនចំណេញ តែបែជាខាតធំទៅវិញ។
ការលើកឡើងនេះ គឺឆ្លើយតបទៅហ្នឹង អ្នកវិភាគអចលនទ្រព្យក្នុងស្រុកមួយរូប ដែលធ្លាប់និយាយថា ទីផ្សារអចលនទ្រព្យនៅសៀមរាបមិនសូវមានសក្ដានុពល វិនិយោគិនមិនសូវចង់មកបោះទុន ហើយដីមិនឡើងថ្លៃ ព្រោះខេត្តសៀមរាបមានច្បាប់ និងបទបញ្ជារតឹងរឹងពេកទាក់ទងនឹងសំណង់អគារនានា។
អ្នកវិភាគនេះ ថាការហាមសង់អគារខ្ពស់ៗ លើសពី ៥ ជាន់ គួរហាមនៅតំបន់ជិតអង្គរ តែមិនគួរហាមទេនៅតំបន់ក្នុងក្រុង ព្រោះជាឱកាសសេដ្ឋកិច្ច។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ថា៖ «ទីក្រុងសៀមរាបអង្គរត្រូវបានការពារ និងមើលការខុសត្រូវដោយអ្នកជំនាញ ICC Angkor មានបារាំង និងជប៉ុន ជាដើម។ ដូច្នេះគេសិក្សាអស់ហើយ ថាកន្លែងសង់បាន កន្លែងណាសង់មិនបាន»។
«បើធ្វើខុសពីបទបញ្ជាគេ គេមានសិទ្ធិដកប្រាសាទអង្គរវត្តចេញពីបេតិកភ័ណ្ឌពិភពលោក។ ពេលនោះ គិតមើលទៅ ចំណេញឬខាត ដីឡើងថ្លៃមែន តែប្រាសាទអង្គរវត្តត្រូវបានគេដកចេញពីបញ្ជី យើងនឹងខាតបង់ប៉ុណ្ណា» សម្ដេច បានបន្ដ។
«ដូច្នេះ រាល់ការអភិវឌ្ឍណាមួយ ត្រូវគិតពីសុខដុមនីយកម្មហេដ្ឋារចនាសម្ព័ន្ធទាំងចាស់ទាំងថ្មី ហើយយើងមិនអាចប្រៀបធៀបការអភិវឌ្ឍអចលនទ្រព្យនៅក្រុងសៀមរាបទៅនឹងទីក្រុងផ្សេងទៀតបានទេ»។
គួរបញ្ជាក់ថា ឧទ្យានអង្គរ រកចំណូលបាន ១១៦,៦ លានដុល្លារពីសំបុត្រចូលទស្សនាក្នុងឆ្នាំ ២០១៨ ពោលគឺមុនវិបត្តិកូវីដ។
- Video Advertisement -