សម្ដេច ហ៊ុន សែន ជំរុញចិនឱ្យបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែម នៅកម្ពុជា

មេដឹកនាំកម្ពុជា និងចិន បានប្ដេជ្ញារួមគ្នាថានឹងបន្តសហការជំរុញការអភិវឌ្ឍ និង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា បន្ថែមទៀត នៅកម្ពុជា តាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានពិភាក្សាលើកិច្ចសហប្រតិបត្តិការនេះ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។

ក្នុងជំនួបនេះ ភាគីទាំង ២ បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដោយជំរុញការកសាងគម្រោងធំៗ ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស និងការពង្រឺងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត មានដូចជាវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល។

យោងតាមសារព័ត៌មាន Xinhua សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ចិន និងដំណើរការរលូននៃគម្រោងធំៗក្នុងក្របខណ្ឌ ខ្សែក្រវាត់ និងផ្លូវ បានបង្ហាញពីសមិទ្ធិផលយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងការកសាងសហគមន៍កម្ពុជា-ចិន អនាគតរួមគ្នា។

ជាការឆ្លើយតប ឯកឧត្តម Xi Jinping មានប្រសាសន៍ថា ភាគីចិន នឹងនាំអនុវត្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាជន និងអនុវត្តគម្រោងនានាទាក់ទងនឹងការកសាងផ្លូវ និងការអប់រំនៅតំបន់ជនបទ។

- Video Advertisement -